របាយការណ៍បានឲ្យដឹងទៀតថា នៅតាមសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥ពាន់៣០០នាក់ ព្រមទាំងភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ១១៤៦ នាក់ ។ ការរៀបចំឲ្យមានរមណីយដ្ឋានកម្សាន្តថ្មីៗ បង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ស្របតាមនិន្នាការ នៃការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមានគុណភាពទាំងសេវាកម្ម និងភាពទាក់ទាញ គឺជាផែនទីបង្ហាញផ្លូវដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងគាំទ្រដោយអាជ្ញាធរខេត្ត ចូលរួមលើកទឹកចិត្តពីសំណាក់អាជ្ញាធរជាតិអប្សរាផងដែរ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាប មិនបានប្រារព្ធធ្វើពិធីបុណ្យអុំទូកក៏ពិតមែន តែខេត្តប្រវត្តិសាស្ត្រមួយនេះ សម្បូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋាន ធម្មជាតិភ្នំគូលែន ក្បាលស្ពាន និងបឹងទន្លេសាប ព្រមទាំងកន្លែងទេសចរណ៍ជាច្រើនទៀត ដែលទាក់ទាញភ្ញៀវទេសចរឲ្យមកសម្សាន្ត។
បើតាមក្រសួងទេសចរណ៍ រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១៤,៤៥៦នាក់។ ចំនួនភ្ញៀវទេសចរជាង១លាននាក់ ក្នុងរយៈពេលជិតមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ជាក់ស្តែង ចំនួននេះមានការកើនឡើងប្រមាណ ២៥.៨% ធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១ កន្លងមក ដែលមានភ្ញៀវទេសចរតែ៩១១,១៤៧នាក់៕

