កាលណានិយាយពីសីលធម៌ យើងដឹងហើយថាសីលធម៌គឺជាធម៌របស់សត្វលោក ឬជាកិរិយា មាយាទ សណ្តាប់ធ្នាប់ ដំបូន្មានដែលនាំឲ្យជៀសវាងអំពើអាក្រក់ ហើយប្រព្រិត្តតែអំពើល្អជានិច្ច ។ សីលធម៌អាចស្តែង ចេញតាមរយៈ សុភាវធម៌ គឺការដើរ ដេក ឈរ អង្គុយ និយាយស្តី កិរិយាឲ្យបានសម្យរម្យ សុភាពរៀបសារត្រឹមត្រូវសុជីវធម៌ រស់នៅល្អ ចំពោះសណ្តាប់ធ្នាប់ ការដឹងប្រមាណ ក្នុងកិច្ចការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ។
គ្មានបុគ្គលណាអាចរស់នៅតែឯងបានឡើយ គឺគេត្រូវរស់នៅជាមួយក្រុមជាសង្គម ហើយដើម្បីរស់នៅក្នុងសង្គមបានលុះត្រាតែសមាជិកម្នាក់ៗគោរពច្បាប់វិន័យ សិទ្ធគ្នា និងសីលធម៌ចំពោះគ្នាទៅវិញទៅមក ។ ព្រះពុទ្ធសាសនាបានឲ្យតម្លៃយ៉ាងខ្លាំងទៅលើសីលធម៌ ទ្រង់បានសម្តែងថារ រវាងសីលធម៌ និងបញ្ញា គឺជាសីលធម៌ ហើយហាក់ដូចជាបុគ្គលដែលមានបញ្ញាក្នុងការប្រើអាវុធ ដាវ កាំបិទ កាប់ឆ្ការាស់ឧបសគ្គបានយ៉ាងល្អ ប្រើជាប្រយោជន៍ សម្រាប់ចិញ្ចឹមជីវិត ហើយវាក៏ជាវត្ថុអាចការពារ និង កាប់ឆ្ការដើម្បីចិញ្ចឹមជីវិត ។ តែផ្ទុយទៅវិញបើបុគ្គមានអាវុធហើយ មានបញ្ញាក្នុងការប្រើប្រាស់នោះទេ បែរជាយកទៅកាប់សម្លាប់មនុស្ស ធ្វើអំពើឃោឃៅគ្មានមេត្តាធម៌បាន។
ដើម្បីឲ្យសីលធម៌ក្នុងសង្គមកើនឡើងបាន លុះត្រាណាតែមានការសិក្សា គោរពច្បាប់ និងស្វែងយល់ពីបច្ចុប្បន្នភាពនៃសង្គម ហើយរកមធ្យោបាយកែខៃរាល់កំហុសឆ្គងដែលកើតមានតាមសន្តិវិធី ។ ការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំ ក្រសួងមន្ទី សាលារៀន វត្តអារាម សហគមន៍ គ្រួសារ មាតាបិតា និងបណ្តុះកុមារតូចៗ ឲ្យត្រូវតាមរបៀបត្រឹមត្រូវ មានកម្មវិធីអប់រំយុវជនបន្ថែម ការលើកស្ទួយបុគ្គលឆ្នើមក្នុងការជួយអប់រំក្នុងសីលធម៌ ។ ទាំងអស់នេះពិតជាចំណែកមួយដែលធ្វើឲ្យសង្គមអាចកែប្រែនៃការធ្លាក់ចុះនៃសីលធម៌បាន ៕

