ឧទាហរណ៍ដូចខ្ញុំផ្ទាល់ ខ្ញុំរៀនជំនាញផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា (ដោយសារតែខ្ញុំមិនបានដឹងថាគួរជ្រើសរើសរៀនអ្វី ខ្ញុំគ្មានអ្នកប្រឹក្សាយោបល់លើរឿងនេះទេកាលពីនៅស្រុកកំណើត) ប៉ុន្តែអ្វីដែលខ្ញុំធ្វើប្រចាំថ្ងៃគឺសរសេរសៀវភៅ ធ្វើការលើការផលិតសៀវភៅ ការនិយាយជាសាធារណៈ និងនាំភ្ញៀវទេសចរណ៍។ ទោះបីភាគច្រើននៃការងារខ្ញុំ មិនទាក់ទងនឹងជំនាញគ្រប់គ្រងព័ត៌មានវិទ្យាទាំងអស់ក៏ដោយ តែបទពិសោធន៍រៀននៅមហាវិទ្យាល័យបានបង្រៀនខ្ញុំពីមេរៀនជីវិតជាច្រើន ដែលបានគូសឆ្លាក់ជីវិតខ្ញុំនៅថ្ងៃនេះ។ ជីវិតបច្ចុប្បន្នរបស់ខ្ញុំជាមួយនឹងការងាររបស់ខ្ញុំគឺខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ ហើយខ្ញុំគិតថា នេះជារឿងសំខាន់គឺស្រឡាញ់នូវអ្វីដែលយើងកំពុងធ្វើ។ ជីវិតមិនមែនជាដំណើរលើផ្លូវត្រង់ដូចបន្ទាត់នោះទេ។ យើងត្រូវការសាកល្បងដើម្បីទទួលបទពិសោធន៍ហើយបើយើងគិតថាយើងមិនចូលចិត្តវាទេ គឺប្ដូរចេញហើយបន្តស្វែងរកបទពិសោធន៍ថ្មី។

