សំរាប់បំបាក់ស្មារតី តែអ្នកដែលឈ្នះសង្រ្គាម កាន់អំណាចថ្មី ដើម្បីជាការតបស្នងសងគុណដល់ប្រជាជនខ្មែរ ដែលធ្លាប់ជួយជ្រោមជ្រែង កំចាត់ស្ដេចចាស់ផ្ដាច់ការ អកុសលគ្មានទសពិធរាជធម៌ គ្មានអ្វីក្រៅអំពីក្ដោបអោបអំណាច និងប្រើអំណាចផ្ដាច់ការ ជិះជាន់វាយបំបាក់ប្រជារាស្រ្ដទាំងនេះឡើយ។ ក្នុងការវាយបំបាក់ និងត្រួតត្រាសង្កត់សង្កិនប្រជានុរាស្រ្ដ ខ្មែរពួកព្រះមហាក្សត្រខ្មែរ ជំនាន់ក្រោយ មិនបានបង្កើតទ្រឹស្ដី ឬទស្សនៈនយោបាយអ្វីថ្មីទេ។ គេគ្រាន់តែយកទ្រឹស្ដីក្នុងព្រះពុទ្ធសាសនាថេរវាទ មកអធិប្បាយពន្យល់ បកប្រែកាលៃបន្ដិចបន្ដួចប៉ុណ្ណោះ ក៏ខ្មែរជឿស៊ប់លង់លក់ លែងហ៊ានកំរើក ឬហ៊ានក្អក។
របៀបឃោសនាពន្យល់អោយជឿទៅតាមព្រះពុទ្ធដិការ របស់ព្រះពុទ្ធត្រូវបានអនុវត្ដក្នុងក្របខ័ណ្ឌ សរសេរនិពន្ធ ធ្វើជាសាត្រា ជាសៀវភៅ រៀបរាប់អធិប្បាយអំពីប្រវត្ដិព្រះសមណគោត្ដម ឬក្នុងការទេសនា។ ក្នុងឱកាសនោះ អ្នកនិពន្ធឆ្លៀតបញ្ចេញបញ្ចូល បន្ថែមបន្ថយពាក្យពេជន៍ទស្សនៈខ្លះទុកសំរាប់ធ្វើជាការកំញើញគំរាម ដល់សតិអារម្មណ៍របស់ពួកពុទ្ធសាសនឹកជន។ ដល់ពេលវេលា ចេះតែកន្លងទៅ ពាក្យពន្យល់បន្ថែមបន្ថយទាំងនេះក៏ប្រែក្លាយបន្ដិចម្ដងៗ ទៅជាពាក្យពិតសច្ច របស់ព្រះពុទ្ធដែលគេត្រូវតែជឿ និងគោរពប្រតិបត្ដិធ្វើតាម។ កន្លែងដែល គេយកមកគ្របសង្កត់ លើស្មារតីចិត្ដអារម្មណ៍ ធ្វើអោយខ្មែរខ្លាចជាទីបំផុតនោះគឺត្រង់ចំនុចបាប និងបុណ្យស្ថាននរក និងស្ថានសួគ៌។
ព្រះមហាក្សត្រ នាម៉ឺនមន្រ្ដីធំៗ ឬអ្នកមានស្ដុកស្ដម្ភ សុទ្ធតែអ្នកមានសំពាយបុណ្យមកពីជាតិមុន ដូច្នេះមិនត្រូវ ខឹងសំបាអាក់អន់ស្រពន់ចិត្ដអ្វីទេ ប្រសិនបើយើងក្រ មិនមានបានដូចគេ ពីព្រោះពីជាតិមុន យើងកសាងមិនល្អ។ បើយើងចង់បានធ្វើស្ដេច ចង់ធ្វើនាម៉ឺនធំ អាចជិះជាន់លួចប្លន់ ធ្វើបាបកាប់សំលាប់ប្រជាជនតាមអំពើចិត្ដ ចង់ធ្វើមហាសេដ្ឋីមានទ្រព្យធនហូរហៀរយើងត្រូវនាំគ្នាធ្វើបុណ្យអោយបានច្រើន សំរាប់រៀបចំកសាងស្ពានទុកឆ្លងទៅជាតិក្រោយ ទស្សនៈនេះ បានជ្រួតជ្រាបទៅក្នុងឈាម ចិត្ដគំនិត មនោសញ្ចេតនាខ្មែរគ្រប់រូប គ្រប់ជំនាន់គ្មាន សេសសល់។

