ទ្រឹស្ដីព្រះពុទ្ធសាសនា គេយកមកធ្វើជាមនោគមវិជ្ជា មកធ្វើជាពាក្យស្លោក សំរាប់ឃោសនា និងជាអាវុធសំរាប់វាយប្រហារព្រះមហាក្សត្រ។ ប្រជានុរាស្រ្ដខ្មែរ ដែលធ្លាប់រងទុក្ខវេទនាឈឺចុកចាប់ ព្រាត់ប្រាស់ក្រុមញាតិគ្រួសារ ដោយស្ដេចអយុត្ដធម៌ ស្ដេចឃោរឃៅកាចសាហាវយង់ឃ្នង ត្រូវតែពេញចិត្ដស្រលាញ់ជឿទទួលគោរព និងអនុវត្ដទៅតាមទស្សនៈថ្មី របស់ព្រះពុទ្ធសាសនាថេរវាទ។
ដូច្នេះគេយល់ និងមានជំនឿថា វាសនាអនាគតរបស់គេ ស្ថិតនៅលើព្រះពុទ្ធសាសនាផ្នែកថេរវាទ។ ពីព្រោះទ្រឹស្ដីនេះ ឆ្លើយតបទៅតាមគោលគំនិត និងចំណង់របស់ប្រជាជនខ្មែរ ដែលយល់ជឿថាត្រឹមត្រូវល្អសក្ដិសម ផ្សព្វផ្សាយនូវកុសលបុណ្យទាន និងមេត្ដាករុណាធម៌ ទៅដល់អស់សព្វសត្វដោយឥតរើសអើងវណ្ណៈ។
គេបានយកកំលាំងព្រះពុទ្ធសាសនាថេរវាទទៅប្រឈមមុខ ប្រយុទ្ធតទល់នឹងលទ្ធិព្រហ្មញ្ញសាសនា គឺជាការប្រយុទ្ធ ប្រឆាំងនឹងរបបរាជានិយមផ្ដាច់ការ ពីព្រោះព្រហ្មញ្ញសាសនា ជាតំណាង និងជាជន្ទល់របស់ព្រះមហាក្សត្រ។ គឺជាការប្រយុទ្ធតាមទ្រឹស្ដី តាមមនោគមវិជ្ជា ដូចដែលធ្លាប់មានក្នុងប្រវត្ដិពិភពលោកបច្ចុប្បន្ន រវាងលទ្ធិកុម្មុយនិស្ដ និងលោកសេរី។ កំលាំងនេះ អាចមានឥទ្ធិពលអនុភាពខ្លាំងក្លា អាចធ្វើបដិវត្ដន៍ រំលំរបបរាជានិយម។

