វិធីបំភ្លេចបច្ចុប្បន្នភាព

នុងការឃោសនានេះ អ្វីដែលគេបានបំភ្លេចចោលនោះ គឺបច្ចុប្បន្នកាល។ បច្ចុប្បន្នកាលដូចជាគ្មានន័យអ្វីទាំងអស់​ចំពោះ​សត្វ​លោក ដែល​កំពុង​មាន​ជីវិត​រស់​នៅ​។ បើ​យោល​ទៅ​តាម​ការ​ពន្យល់ និងជំនឿខ្មែរ ក្នុងបច្ចុប្បន្ន នេះ សត្វលោកមានការកិច្ចត្រឹមតែកើត​មក​រង់​ចាំ​ទទួល​ផល​បុណ្យ​ និង​កម្ម​ពៀរ​តែ​ប៉ុណ្ណោះ ដើម្បី​ទៅ​ជាតិ​ក្រោយ កុំអោយមានបាបកម្ម ហើយមានបុណ្យឡើងស្ថានសួគ៌ ក្លាយ​ខ្លួន​ជា​ទេវតា គេ​ត្រូវ​តែ​ខំ​ធ្វើ​បុណ្យ​អោយ​បាន​ច្រើន ទស្សនៈ​នេះ​ ធ្វើ​អោយ​ខ្មែរភ្លេចអស់ជីវភាពរស់នៅជាអចិន្រ្ដៃយ៍ ហើយបែរជាយល់​ថា​នេះ​ជា​កម្ម​ពី​អតីត​ជាតិ​។ ប្រសិន​បើ​រើ​បំរះ ប្រឆាំង​តស៊ូ គឺ​ខុស​នឹ​ងពាក្យ​របស់​ព្រះ ហើយ​អំពើ​នេះ​អាច​នាំ​អោយបាបធ្លាក់ចុះនរកទៀត។

  អ្វីដែលអ្នកកាន់អំណាចខ្មែរ និងដឹកនាំព្រះពុទ្ធសាសនាជំនាន់ដើម ចេះផ្អិបបិទមិនអោយចាប់អារម្មណ៍នោះ គឺត្រង់ព្រះ​ពុទ្ធ​អោ​វាទ មិន​មែន​សំដៅ​តែ​ទៅ​លើ​អតីត​ជាតិ និង​អនា​គត​ជាតិ​ប៉ុណ្ណោះ​នោះ​ទេ ព្រះពុទ្ធដិការព្រះ ក៏បានសំដៅទៅលើបច្ចុប្បន្នកាលដែរ ក្នុង​បច្ចុប្បន្ន បើ​យើង​ប្រ​ព្រឹត្ដ​អំពើ​បាប​កម្ម កម្ម​ពៀរ​វេរា​នោះ យើង​នឹង​ទទួល​ភ្លាម មិនចាំដល់ជាតិក្រោយទេ។ ឧទារហរណ៍ ជាក់ស្ដែងមានច្រើន​ណាស់​នៅ​ក្នុង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ ដោយ​សារ​តែ​អ្នក​ដឹក​នាំ​ខ្មែរ និង​ប្រជា​រាស្រ្ដ​ខ្មែរខ្វះចំណេះវិជ្ជា មានតែអវិជ្ជា មិនចេះរិះគិតពិចារណា អោយបានមុត​មាំ ចេះ​តែ​ប្រ​ព្រឹត្ដ​បាប​កម្ម អំពើ​អបាយ​មុខ ស្រ​លាញ់​ប្រើ​អំណាច​ផ្ដាច់​ការ និងពោរពេញទៅដោយអសីលធម៌គ្រប់បែបយ៉ាង កម្ម​ពៀ​រវេរា​ទណ្ឌ​កម្ម យម​រាជ​ ស្ថាន​នរក​បាន​មក​ដល់​ភ្លាម មិន​ចាំ​បាច់​ដល់​ពេល​ក្រោយ​ឡើយ។ មើលចុះប្រវត្ដិនគរខ្មែរ ដែលត្រូវទន់ខ្សោយ អស់ទឹកដី​ជារៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​ការ​កាប់​សំលាប់​ពូជ​សាសន៍​ឯង​អស់​រាប់​លាននាក់ របស់ពួកឃាតករខ្មែរក្រហម ក៏មិនមែន​ជា​បាប​កម្ម ឬ​ជា​កម្ម​ពៀរ​វេរា​ដែល​មក​ពី​ជាតិ​មុន​ដែរ​។ កម្ម​ដ៏​សែន​អា​ក្រក់​នេះ គឺបណ្ដាល​មក​ពី​អ្នកដឹកនាំ អ្នកនយោបាយខ្មែរ និងប្រជារាស្រ្ដយល់ ហើយ​ជឿថា​ ពួក​ឃាត​ករ​ទាំង​នេះ​ ស្អាត​ស្អំ មាន​សមត្ថ​ភាព ចេះ​ស្រ​លាញ់​ជាតិ គ្មានអ្នកណាល្អជាង។ ពួកខ្មែរក្រហមមានសមត្ថភាពមែន ក្នុងការកាប់​សំលាប់​ជន​ជាតិ​ខ្មែរ​ទាំង​ស្រី​ទាំង​ប្រុស ទាំង​ក្មេង​ទាំង​ចាស់ ពួក​នេះ​ស្រ​លាញ់​ជាតិ​ពេក​រហូត​ដល់​ទៅ ស៊ីលេបហុតឈាមជនជាតិឯង។ អវិជ្ជា​កង្វះ​ការ​កសាង​ក្នុង​បច្ចុប្បន្ន​ ដែល​នាំ​មក​នូវ​បាប​កម្ម កម្ម​ពៀរ​វេរា​ទាំង​នេះ​។

  ផ្ទុយទៅវិញ ក្នុងសម័យមហានគរ ដោយព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរមានវិជ្ជា ចេះខំប្រឹងកសាងបុណ្យ និង​អំពើ​ល្អ​សំរាប់​ប្រ​ទេស​ជាតិ​ ផល​បុណ្យ​កុសល​រាស្រ្ដ​ខ្មែរ​បាន​ទទួល​ភ្លាមមិនចាំបាច់ជាតិក្រោយឡើយ ហើយស្រុកខ្មែរក៏ក្លាយទៅជាមហាអំណាច មាន​ទឹក​ដី​ធំ​ទូលំ​ទូលាយ​លាត​សន្ធឹង​ទៅ​គ្រប់​ទិស​​ក្នុង​អាស៊ី​អគ្គេយ៍​។ ឧទាហរណ៍មានច្រើនទៀត នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ គ្រាន់តែយកបុណ្យបាប ស្ថាន​សួគ៌​ស្ថាន​នរក​ និង​ជាតិ​មុន ជាតិ​ក្រោយ យក​មក​ប្រើ ព្រះ​មហា​ក្សត្រ​ខ្មែរ​ជំនាន់ដើម និងអ្នកដឹកនាំជាតិខ្មែរមួយចំនួនធំ ទោះបីជាធ្វើខុស​បំពារ​បំពាន​ លួច​ប្លន់​កាប់​សំលាប់ ក្បត់​លក់​ជាតិ​ដូច​ម្ដេច​ក៏​ដោយ ក៏នៅតែរួចខ្លួន គ្មានរាស្រ្ដប្រជាមួយណាហ៊ាន ចោទប្រកាន់ កាត់​ទោស​ឡើយ នេះ​ព្រោះ​តែ​គេ​កសាង​ពី​ជាតិ​មុន​មិន​ល្អ​។

Comments