ខួរក្បាលយើងងាយនឹងត្រូវពុលដោយសារគំនិតអ្នកដទៃ កាលបើការគិតរបស់យើងខ្សោយ ចំណេះដឹងយើងទាប បទពិសោធជីវិតជាក់ស្តែងយើងមិនថួន។ ថ្ងៃនេះមានអ្នកជូនជាគំនិតដល់យើងថា “អានសៀវភៅច្រើន ល្អច្រើន” តែលុះដល់ថ្ងៃស្អែក បែរជាមានអ្នកប្រាប់យើងថា “អានសៀវភៅច្រើន មិនល្អទេ អានសៀវភៅកាន់តែច្រើន គឺនឹងធ្វើឱ្យអ្នកនិពន្ធលក់សៀវភៅបានកាន់តែច្រើន”។ យើងនឹងត្រូវបន្តពុលគំនិតរហូត ដ្បិតដោយសារតែប្រភពនៃគំនិតមានច្រើន ការយល់ឃើញរបស់បុគ្គលម្នាក់ៗមានច្រើន ហើយស្របពេលដែលយើងមិនមានការយល់ដឹងច្រើនផង។
ពុំមាននរណាម្នាក់ខ្វល់ថា “អ្នកណាម្នាក់យល់ដឹងច្រើនប៉ុនណាទេ តែអ្វីដែលមនុស្សខ្វល់ គឺយើងបានផលប្រយោជន៍អ្វីខ្លះពីការយល់ដឹង ពីការចេះដឹងរបស់យើង និងពីគំនិតដែលយើងមាន”។ មានមនុស្សដែលអាចហាមាត់និយាយដូចជនត្រឹមត្រូវ ដូចជនមានគុណធម៌ តែមានចិត្តដូចមនុស្សស្មោកគ្រោក ប្រព្រឹត្តខ្លួនដូចមនុស្សអាក្រក់ រស់នៅរងទុក្ខដូចជនត្រូវបណ្តាសា។ បុរាណសុភាសិត (Purana Subhāṣita) ពោលថា “បុគ្គលពុំគួរទទួលយកយោបល់របស់ជនបរាជ័យ, ពុំគួរទទួលយកយោបល់ជនរស់នៅរងទុក្ខ, ពុំគួរទទួលយកយោបល់ជនជាប់បំណុល, ពុំគួរទទួលយកយោបល់ជនមានកំហឹង [...]”។
តើជនពូកែឯណា ដែលអាចក្លាយទៅជាពូកែបាន ដោយសារតែរៀនជាមួយនឹងបុគ្គលដែលគ្មានចំណេះដឹង មិនមែនជាគ្រូ ឬមិនមែនជាបុគ្គលពូកែ? យើងនឹងបាត់បង់ចំណេះដឹងទាំងអស់ ដូចត្រូវបណ្តាទេវតា បើកាលណាយើងទទួលយកគំនិតដែលថា “រៀនសូត្រច្រើន មិនល្អ អានសៀវភៅច្រើន មិនល្អ..” មកប្រតិបត្តិក្នុងជីវិតរស់នៅជាក់ស្តែង។ ការមានចិត្តសង្ស័យ ការមានមន្ទិលចំពោះរឿងត្រឹមត្រូវ វាជាផ្លូវដែលនាំយើងទៅរកការប្រព្រឹត្តរឿងមិនត្រឹមត្រូវ។ នៅក្បែរអ្នកស្អប់ចំណេះដឹង នឹងធ្វើឱ្យយើងអវិជ្ជាមួយជីវិត។ នៅក្បែរមនុស្សដែលបណ្តុះបង្អាប់ការអានសៀវភៅ នឹងធ្វើឱ្យយើងស្អប់អំណានពេញមួយជីវិត។
បុគ្គលដែលស្អប់ចំណេះវិជ្ជា បុគ្គលដែលស្អប់អំណាន នឹងរកវិធីបង្វិលចិត្តគំនិតរបស់យើងតាមហេតុផលផ្សេងៗ មិនឱ្យសង្វាតសិក្សារៀនសូត្រ ជាពិសេសស្អប់សៀវភៅ...។ ជីវិតរបស់យើង គឺជាជម្រើសរបស់យើង។ ការវិនិយោគលើការសិក្សាអប់រំ វារមែងចំណេញផលដោយផ្ទាល់ដល់អ្នកវិនិយោគនាពេលអនាគត៕

