#កុំអប់រំតែខួរក្បាល

ទស្សនវិទូក្រិក អារីស្តូត (Aristotle) ពោលថា “អប់រំតែគំនិត តែមិនគិតដល់បេះដូង គឺមិនអាចចាត់ទុកថាការអប់រំល្អនោះទេ ដ្បិតអាចហៅបានត្រឹមតែជា ‘ភាពទទេ’ ប៉ុណ្ណោះ”។
ចិត្តឆេវឆាវ ចិត្តឆាប់ខឹង ចិត្តរំភើប ចិត្តរំជើប ចិត្តច្រណែន ចិត្តឈ្នានីស ចិត្តគុំកួន ចិត្តសងសឹក គឺសុទ្ធតែជាចិត្តកើតចេញពីបេះដូងដែលមិនបានលត់ដំហ្វឹកហាត់ឱ្យបានល្អ។ ចំណេះដឹង ឬសមត្ថភាព យើងអាចស្វែងរកបាន តែទឹកចិត្តបរិសុទ្ធ ទឹកចិត្តនឹងន ទឹកចិត្តឥតរំជើបមិនងាយរកទេ។
កត្តាទៅមុខ ឬថយក្រោយរបស់ជីវិត វាស្ថិតស្ទើរតែទាំងស្រុងលើលំនឹងនៃចិត្ត។ តើ “លំនឹងចិត្ត” យ៉ាងដូចម្តេច? លំនឹងចិត្ត គឺមានន័យថា បើឈ្នះ គឺមិនសប្បាយត្រេកអរដាច់បង្ហៀរ ឬបើចាញ់ ក៏មិនតក់ស្លុតអស់សង្ឃឹមឡើយ។ ឈ្នះក៏នៅតែរក្សាលំនឹងចិត្តធម្មតា ឬបើចាញ់ក៏នៅតែរក្សាលំនឹងចិត្តធម្មតា ដោយមិនភ័យតក់ស្លុតស្លន់ស្លោ។ នេះមានន័យថា “ពេលក្រ មិនអស់សង្ឈឹម រីឯពេលមានមិនភ្លើតភ្លើនភ្លេចខ្លួន។ ពេលទុក្ខ មិនព្រួយ ពេលសប្បាយ មិនដាច់បង្ហៀរ”។ ខ្ញុំធ្លាប់បានឆ្លងកាត់បទពិសោធជីវិតទាំងនេះទាំងខ្លួននៅវ័យក្មេង។ ខ្ញុំហ៊ាននិយាយថា “បើឡើងខ្ពស់ពេក ដល់ពេលធ្លាក់វិញ នឹងស្លាប់ភ្លាមតែម្តង។ បើធ្លាក់ជ្រៅពេក រហូតដល់ងើបមុខមិនរួច គឺនឹងបានសម្បត្តិធរណីកប់ខ្លួនស្លាប់”។

Comments