#បើខ្ញុំរៀបការ

បើខ្ញុំរៀបការ ខ្ញុំនឹងមិនអាចមានពេលវេលាច្រើនដើម្បីជួយគ្រួសារបន្តទៀតទេ ហើយម្យ៉ាង ចំពោះរាល់ការសម្រេចចិត្តទៀតសោត ខ្ញុំក៏មិនអាចសម្រេចតែម្នាក់ឯងដូចមុនទៀតឡើយ មិនថារឿងធំតូចគ្រប់យ៉ាង។ ដ្បិតតែខ្ញុំពុំធ្លាប់ប្រឡូកនៅក្នុងជីវិតគូមែន តែខ្ញុំឆ្លងកាត់ និងឆ្អែតឆ្អន់នឹងរឿងគ្រប់យ៉ាងដែលខ្ញុំបានឆ្លងកាត់ក្នុងជីវិតជាកូនច្បងម្នាក់ដែលកើតក្នុងគ្រួសារយ៉ាប់យ៉ឺនលំបាក ទាំងសេដ្ឋកិច្ច ទាំងការអប់រំ ទាំងទំនាក់ទំនង និងក្ដីស្រឡាញ់។ ដោយសារតែបែបនេះ ទើបវាចេះតែជម្រុញឱ្យខ្ញុំឈ្មួសឈ្មុលទៅមុខមិនឈប់ ទោះមានបញ្ហាអ្វីខ្លះកើតឡើងក៏ដោយ ព្រោះកន្លងមក ខ្ញុំឆ្អែតនឹងបញ្ហាធំៗជាច្រើនដែលនិយាយមិនចេញ។ ម្យ៉ាងទៀត ពេលយើងរៀបការ ឬសម្រេចចិត្តដើរលើផ្លូវជីវិតគូ គឺយើងត្រូវរែកអម្រែកកាន់តែធ្ងន់ជាងមុនទ្វេរដង។ សមាជិកគ្រួសារក៏កើន (ព្រោះយើងម្នាក់ៗមានគ្រួសារសងខាង) យើងមិនមែនស្រឡាញ់តែគ្នាពីរនាក់ដូច្នេះទេ គឺយើងមានបង មានប្អូន ម្ដាយឪពុក យាយតា ពូមីងមា ក្មួយប្រុសស្រី រួមទាំងមិត្តភក្ដិដែលយើងស្រឡាញ់រាប់រកស្មោះស្ម័គ្រនោះផងដែរ។ ហេតុដូច្នេះ ទើបសម្រាប់ខ្ញុំវាជារឿងស្មុគស្មាញ ពិបាកសម្រេច ហើយក៏រឹតតែមិនចង់សម្រេចចិត្តនៅពេលនេះ។
ធម្មតា ពេលយើងនៅខ្លួនមួយ បើយើងរកបាន១០០ យើងអាចជួយគ្រួសារបានដល់៨០ ទៅ៩០ តែពេលយើងរៀបការ ឬសាងគ្រួសារផ្ទាល់ខ្លួនរួចហើយ ១០០ យើងរំលែកគ្រប់ជ្រុង។ ណាមួយគ្រួសារសងខាង ណាមួយគ្រួសារថ្មីថ្មោងដែលយើងសាងឡើង ហេតុដូច្នេះវានឹងលំបាកណាស់ ហើយវានឹងកាន់តែលំបាក ប្រសិនបើដៃគូយើងមិនយល់ពីគ្នា ឬមិនបានស្គាល់គ្នាឱ្យអស់គ្រប់ជ្រុងជ្រោយ។ ដល់ពេលហ្នឹងទើបខ្ញុំដឹងថា ស្រឡាញ់មនុស្សម្នាក់មិនពិបាកទេ ហើយទទួលបានក្ដីស្រឡាញ់ពីមនុស្សដែលយើងស្រឡាញ់ហ្នឹងទៀតក៏វាមិនសូវពិបាកដែរ តែដែលពិបាកនោះគឺរឿងថា តើមនុស្សដែលយើងស្រឡាញ់ ឬមនុស្សដែលគេស្រឡាញ់យើង តើគេអាចស្រឡាញ់អ្នកគ្រប់គ្នាដែលយើងស្រឡាញ់ទេ? ចំណែកយើងវិញ តើយើងអាចស្រឡាញ់មនុស្សគ្រប់គ្នាដែលគេស្រឡាញ់ដែរទេ? ព្រោះមនុស្សយើងនេះ កើតមកក៏មានជាប់ចំណងគ្រួសារ សាច់ញាតិ បងប្អូន ម្ល៉ោះហើយ បើសិនជារកបានអ្នកដែលស្រឡាញ់យើងផង ស្រឡាញ់ទាំងមនុស្សដែលយើងស្រឡាញ់នោះផង គឺជាសំណាងមួយដ៏ធំ។ ព្រោះតែខ្ញុំកើតមកខ្វះភាពកក់ក្ដៅ និងមិនបានឃើញជីវិតដែលចេះស្រឡាញ់គ្នា ចេះជួយគ្នាបែបនេះតាំងពីតូច ទើបខ្ញុំតាំងចិត្តថា ចង់ធ្វើជាអ្នកចាប់ផ្ដើម នៅក្នុងត្រកូលគ្រួសាររបស់ខ្លួន។ វាជារឿងហត់នឿយណាស់ តែខ្ញុំក៏សប្បាយចិត្តបំផុតដែលខ្ញុំអាចធ្វើបាន។ ដ្បិតតែមិនច្រើនសម្រាប់អ្នកដទៃ តែសម្រាប់ខ្ញុំខ្លួនឯង ដោយឆ្លងកាត់រឿងរ៉ាវមកជាច្រើនទម្រាំដល់ថ្ងៃនេះ គឺវាច្រើនណាស់ ច្រើនទាំងពេលវេលា ច្រើនទាំងក្ដីអំណត់តស៊ូ ច្រើនទាំងការប្រឹងប្រែង ច្រើនទាំងកម្លាំងចិត្ត កម្លាំងកាយគ្រប់យ៉ាង។
 

Comments