រឿងដ៏សាមញ្ញមួយដែលធ្វើឱ្យអ្នកដទៃតែងតែឃើញស្នាមញញឹមរបស់ខ្ញុំ គឺខ្ញុំជ្រើសរើសយកស្នាមញញឹមទៅបង្ហាញពួកគេ ហើយរឿងដែលតែងតែធ្វើឱ្យខ្ញុំរីករាយជានិច្ចនោះ គឺខ្ញុំជ្រើសរើសយកការរីករាយ។ រាល់ដងដែលខ្ញុំជ្រុលខ្លួនអង្គុយពិបាកចិត្តលើរឿងដែលមិនច្បាស់លាស់ វាក៏ជាពេលដែលខ្ញុំចាប់ផ្ដើមភ្ញាក់ខ្លួនវិញភ្លាមៗ ហើយខ្ញុំផ្ដើមចោទសួរមកកាន់ខ្លួនឯងនូវសំណួរទាំងនេះ។ តើក្នុងស្ថានភាពបែបនេះ ទឹកមុខអស់សង្ឃឹមបែបនេះ វាអាចដោះស្រាយអ្វីឱ្យប្រសើរជាងមុនបានទេ? សរុបទៅ គ្មាននរណាដែលមានរឿងអស់សំណើច ២៤ម៉ោង ក្នុងមួយថ្ងៃទេ ប៉ុន្តែពេលចួបរឿងលំបាកដែលត្រូវដោះស្រាយ តើយើងត្រូវដោះស្រាយដោយញញឹម ឬក៏យើងត្រូវដោះស្រាយទាំងមុខតប់ប្រមល់?
បីឆ្នាំមុន ជីវិតខ្ញុំត្រូវប្រឈមនឹងរឿងអាក្រក់ព្រមគ្នាក្នុងពេលតែមួយ ខ្ញុំត្រូវបាត់បង់ការងារ គ្មានប្រាក់ខែ ហើយបន្តរស់នៅក្នុងទីក្រុងដែលមានតែការចំណាយគ្រប់វិនាទី (ការស្នាក់នៅ ការហូបចុក ការធ្វើដំណើរ គឺគ្រប់យ៉ាងទាំងអស់) ស្នេហាក៏បរាជ័យ គ្រួសារក៏មានបញ្ហាកើតឡើងជាហូរហែ ហើយមិត្តភក្ដិដែលធ្លាប់ស្គាល់រាប់អានគ្នាក៏រសាត់ឆ្ងាយអស់រលីង។ ក្នុងពេលហ្នឹង ខ្ញុំបានដាក់សំណួរមកកាន់ខ្លួនឯង។ តើខ្ញុំត្រូវការអ្វីពីជីវិតនេះ? ចម្លើយ ខ្ញុំត្រូវការសេរីភាព ត្រូវការភាពរីករាយ ត្រូវការទំនុកចិត្ត ត្រូវការក្ដីសង្ឃឹម ត្រូវការភាពរឹងមាំ ក្លាហាន ត្រូវការមិត្តល្អៗ។ ចុះតើខ្ញុំនឹងបានអ្វីទាំងនោះដោយរបៀបណា? ពេលហ្នឹង ខ្ញុំមើលមិនឃើញសោះ ថានរណាម្នាក់ដែលអាចផ្ដល់វាមកឱ្យខ្ញុំបាន។ មនុស្សដែលយើងចង់នៅជិត ក៏បានចាកចេញឆ្ងាយ។ មនុស្សដែលយើងចង់រត់គេចមិនឱ្យចួប យើងក៏ត្រូវចួបរាល់ថ្ងៃ។ កន្លែងដែលយើងមិនចង់ទៅ ប៉ុន្តែយើងក៏ត្រូវតែទៅ។ កន្លែងដែលយើងមិនចង់នៅ តែចុងក្រោយក៏បន្តនៅ ព្រោះវាគ្មានជម្រើសអ្វីដែលល្អជាងហ្នឹង។
ជីវិតនេះពិតជាមិនព្រមបញ្ចប់ត្រឹមភាពលំបាកទាំងអស់ហ្នឹងពិតមែន។ នៅព្រឹកមួយនោះ ខ្ញុំភ្ញាក់ពីគេងនៅកន្លែងដដែល ប៉ុន្តែខ្ញុំមានអារម្មណ៍អស្ចារ្យមួយ ដែលវាមិនមែនជាអារម្មណ៍កាលពីម្សិលមិញនោះទេ។ ខ្ញុំបានរលាស់ខ្លួនចេញពីកន្លែងគេងយ៉ាងមានកម្លាំង និងស្រស់ស្រាយបំផុត។ ខ្ញុំនឹកទៅដល់រឿងមួយ ហេតុអ្វីបានជាខ្ញុំត្រូវមកខ្ជះខ្ជាយនឹកគិតតែពីរឿងដែលវាមិនអាចសូម្បីតែធ្វើឱ្យខ្ញុំញញឹមបានដូច្នេះ? តើមាននរណាមកខ្វល់នឹងទឹកមុខដ៏កម្សត់របស់ខ្ញុំ? តើមាននរណាមកខ្វល់ថាស្ថានភាពជីវិតរបស់ខ្ញុំលំបាកកម្រិតណា? បើពេលហ្នឹង ខ្ញុំកំពុងតែស្ថិតនៅក្នុងស្ថានភាពអាក្រក់បែបហ្នឹងនោះ? ខ្ញុំចង់រស់នៅជាមួយមនុស្សម្នាក់ដែលមិនពាក់មុខតប់ប្រមល់ និងក្ដីសោកសៅក្នុងរង្វង់ភ្នែក។ ប៉ុន្តែ បើខ្ញុំមិនមែនជាមនុស្សម្នាក់នោះទេ ខ្ញុំនឹងមិនអាចស្វែងរកអ្នកណាផ្សេងបានទេ ឬបើរកបានពិតមែន តើពួកគេនឹងនៅជាមួយខ្ញុំយូរប៉ុនណា? ដូច្នេះ ខ្ញុំត្រូវក្លាយជាខ្លួនឯង គឺក្លាយជាមនុស្សម្នាក់ដែលខ្ញុំចង់រស់នៅជាមួយ។ ខ្ញុំអាចរស់នៅជាមួយខ្លួនឯងបាន ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំរកបានអ្នកដែលញញឹមដាក់ខ្ញុំរាល់ថ្ងៃ ហើយអ្នកនោះគ្មាននរណាទេ ក្រៅពីខ្ញុំដែលឈរនៅមុខកញ្ចក់នោះទេ។

