#ជំនួសឱ្យការច្រណែនឈ្នានីសអ្នកដទៃ...

រៀនរស់នៅជាមួយខ្លួនឯង ទទួលយកការពិតពីជីវិតរបស់ខ្លួន ហើយរៀនពេញចិត្តនឹងលទ្ធផលនៃជីវិតដែលខ្លួនបានប្រឹងប្រែងមកយ៉ាងលំបាក តែក៏កុំភ្លេចក្នុងការគោរពពីតម្លៃរបស់អ្នកដទៃ ចំពោះការខិតខំប្រឹងប្រែងរបស់គេ។ ជំនួសឱ្យការច្រណែនឈ្នានីសនឹងជីវិតអ្នកដទៃ គឺយើងត្រូវត្រេកអរជាមួយការខិតខំរបស់គេកន្លងមក។
មនុស្សគ្រប់គ្នាបោះជំហាននៅលើវិថីជីវិតរបស់គេរៀងខ្លួន។ នៅលើផ្លូវដ៏លំបាកនោះ យើងបានតស៊ូយកឈ្នះដោយចិត្តអំណត់ ចិត្តប្រឹងប្រែងក្រាញននៀល ចិត្តដែលមិនងាយបោះបង់ ចិត្តដែលមិនគ្រាន់តែឈឺចាប់ តែឈឺចាប់ជាមួយនឹងការជម្នះទៅមុខ ចុះហេតុអ្វីបានជាយើងត្រូវបាក់ទឹកចិត្តនឹងលទ្ធផលចុងក្រោយដែលយើងយកទៅប្រៀបនឹងអ្នកដទៃទៅវិញ? ចូរមានអារម្មណ៍គប្បីជាមួយនឹងការប្រឹងប្រែងរបស់យើង បន្ថយចិត្តច្រណែនចង់ឈ្នះអ្នកដទៃ រក្សាតែចិត្តចង់ឈ្នះលើបញ្ហាជីវិតដែលយើងត្រូវប្រឈមឆ្លងកាត់ទៅគឺបានហើយ។
យើងដើរលើផ្លូវរបស់យើង បញ្ហា ឬឧបសគ្គធំតូច យើងជាអ្នកចួប ហើយយើងជាអ្នកតស៊ូជាមួយវាដោយខ្លួនឯង ចំណែកឯអ្នកដទៃ គេក៏មានបញ្ហា និងឧបសគ្គរបស់គេដែលត្រូវយកឈ្នះដូចគ្នា។ គេមើលឃើញយើង ឯយើងសម្លឹងមើលឃើញគេ តែម្នាក់ៗឥតបានដឹងទេថានៅពីក្រោយលទ្ធផល ឬសមិទ្ធផលអស្ចារ្យណាមួយដែលគេទទួលបាន តើត្រូវឆ្លងកាត់ភាពល្វីងជូរចត់កម្រិតណា?

Comments