ជីវិត វាគ្មានអ្វីអស្ចារ្យទេ តែបើអស្ចារ្យ លុះត្រាណាតែយើងប្រឹងធ្វើរឿងអស្ចារ្យដោយត្រឹមត្រូវ ជាមួយនឹងសេចក្តីក្លាហានមិនខ្លាចមុខខ្លាចក្រោយ។ គ្មានអ្វីដែលថាមិនអាចទៅរួចទេ តែវានឹងមិនអាចទៅរួច លុះត្រាណាតែយើងខ្លួនឯងជឿថាវាមិនអាចទៅរួច។ បើមែនទែនទៅ អាចឬមិនអាច គឺវាមិនមែនជាបញ្ហាទេ តែបញ្ហាគឺយើងមិនទាន់បានសាកល្បងនៅឡើយ។ អ្នកខ្លះមិនទាន់នឹងបានធ្វើផង ក៏ដឹងថាវាមិនអាចទៅរួច។ ការគិតថា “មិនអាចទៅរួច” វាគ្រាន់តែជាការគិតស្មានៗរបស់យើងទេ។ អ្វីដែលសំខាន់បំផុត គឺសាកល្បងធ្វើឱ្យដឹងសខ្មៅសិន។
ទស្សនវិទូក្រិក សូក្រាត មានទស្សនៈថា “ជីវិតដែលគ្មានការដកពិសោធ គឺពុំសមនឹងរស់នៅទេ”។ តើពិសោធយ៉ាងដូចម្តេច? បើចង់ដឹងថាខ្លួនយើងខ្លាំងឬខ្សោយ គឺត្រូវសាកល្បងធ្វើសកម្មភាពជាក់ស្តែងសិន តែកុំវាយតម្លៃខ្លួនឯងផ្តេសផ្តាស ដោយមិនទាន់នឹងបានធ្វើសកម្មភាពអ្វីសោះ។ បើបានធ្វើហើយ ទោះបីជាបរាជ័យឬជោគជ័យ តែយ៉ាងហោចណាស់យើងបានប្រឹងឱ្យអស់ពីលទ្ធភាពហើយ។ ខ្ញុំឃើញអ្នកខ្លះមិនប្រឹងធ្វើឱ្យអស់ពីសមត្ថភាពទេ តែបែរជាប្រឹងរកហេតុផលឱ្យអស់ពីសមត្ថភាពមកគាំទ្រខ្លួនឯងថា “មិនអាចធ្វើបាន” ទៅវិញ។ ចូរយើងកុំធ្វើជាចៅចាក់ស្មុគ។
នៅពេលណាដែលយើងបានសាកល្បង គឺយើងនឹងដឹងថាខ្លួនឯងធ្វើបានមែនឬធ្វើមិនបាន។ ការចេះក្លាហានហ៊ានសាកល្បងនេះ វាប្រសើរជាងមិនព្រមធ្វើអ្វីសោះ។ លក្ខណៈមនុស្សដែលខ្លាំង គឺជាអ្នកហ៊ានសាកល្បង ទោះបីជាដឹងថាបរាជ័យក៏ដោយ ឬជោគជ័យក៏ដោយ។ បរាជ័យគ្មានអ្វីអស្ចារ្យទេ ដ្បិតសំខាន់កុំឱ្យតែចិត្តយើងអស់សង្ឃឹម។ ចាញ់អ្វី អាចចាញ់បាន តែកុំចាញ់ចិត្ត។ សុខចិត្តធ្វើជាមនុស្សដែលបរាជ័យដោយការសាកល្បងធ្វើ វាប្រសើរជាងបរាជ័យដោយមិនបានធ្វើអ្វីសោះ។ បើមែនទែនទៅ ជោគជ័យគ្មានអ្វីអស្ចារ្យពេកទេ ហើយបរាជ័យក៏គ្មានអ្វីធំដុំដែរ សំខាន់យើងរក្សាចិត្តជាអ្នកប្រឹង រក្សាខ្លួនជាអ្នកមិនភ្លេចខ្លួន។ តើមានន័យយ៉ាងម៉េចវិញ?
អ្នកខ្លះជោគជ័យបានមួយភ្លែត ក៏បរាជ័យវិញ ដ្បិតដោយសារតែមិនចេះរក្សាជោគជ័យ (ចិត្តឡើងអំនួត)។ បរាជ័យ មិនអាចមួយជីវិត ដ្បិតសំខាន់យើងចេះតស៊ូ ចេះប្រឹង និងហ៊ានសាកល្បងម្តងទៀត។ អ្នកឈ្នះមិនបោះបង់ ហើយអ្នកបោះបង់មិនដែលឈ្នះ។ ចុងក្រោយ បើបរាជ័យកាន់តែច្រើន គង់នឹងមានឱកាសឈ្នះខ្លះ។ នៅពីក្រោយស្នាមញញឹមមួយថ្ងៃ គឺមានការឈឺចាប់និងបរាជ័យរាប់ពាន់ថ្ងៃ។ ការសាងភាពជោគជ័យ សំខាន់យើងត្រូវចេះសាកល្បង ចេះពិសោធនឹងជីវិត។ ការពិសោធលើខ្លួនឯងនេះ វានឹងធ្វើឱ្យយើងរឹងមាំជាងមុន ស្វាហាប់ជាងមុន និងចេះរស់នៅជាងមុន លែងខ្លាច។

