ទម្រាំតែរស់បានមកដល់ថ្ងៃនេះ យើងបានរស់ទាំងលំបាកក៏យូរណាស់មកហើយ ប៉ុន្តែវានៅមានពេលវេលាយូរជាងហ្នឹងទៀតដែលយើងត្រូវជួបនូវរឿងថ្មីៗ ហើយត្រូវដោះស្រាយ។ ឧបសគ្គជីវិតប្រៀបដូចជណ្ដើររាប់រយកាំ ឬផ្លូវឡើងទៅលើកំពូលភ្នំ ដែលយើងត្រូវដើរកាត់។ ជាន់ឡើងមួយកាំយើងនឹងទៅបានខ្ពស់ជាងមុនបន្ដិច ឈានមួយជំហានយើងនឹងទៅបានឆ្ងាយជាមុនបន្ដិច។ អាចឈានទៅមុខយឺតៗបន្ដិចក៏បាន ប្រសិនបើយើងហត់នឿយ។ អាចបកក្រោយក៏បានប្រសិនបើយើងគិតថាមានផ្លូវថ្មីដែលល្អជាងនេះ។ អាចផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរក៏បាន ប្រសិនបើវាមានជម្រើស។ ប៉ុន្តែប្រសិនបើយើងមិនអាចជ្រើសរើសបានទេ អ្វីម្យ៉ាងដែលយើងអាចធ្វើបានគឺការអត់ទ្រាំ។
នាវាមួយទម្រាំតែអាចទៅដល់ត្រើយបាន វាក៏ត្រូវឆ្លងកាត់រលកធំៗកណ្ដាលមហាសមុទ្រ ឆ្លងកាត់ព្យុះ ភ្លៀង និងភាពភ័យខ្លាចជាច្រើន។ នៅលើវិថីជីវិតឆ្ពោះទៅរកគោលដៅមួយដែលយើងបានកំណត់ វាមិនងាយស្រួលដូចអ្វីដែលយើងគិតទេ។ វាត្រូវតែឆ្លងកាត់ភាពលំបាក និងឧបសគ្គច្រើនលើកច្រើនសារណាស់ ប៉ុន្តែពេលវេលាដែលឆ្លងកាត់មកនេះ វាពិតជាបានបង្រៀនយើងច្រើនមែនទែន។ ប្រឡូកក្នុងសង្គមឲ្យច្រើនទៀត ព្រោះមានមនុស្សក្នុងសង្គមនេះច្រើនណាស់ ដែលយើងមិនទាន់បានស្គាល់គេនៅឡើយ ប៉ុន្តែយើងក៏ត្រូវតែសង្កេត និងកសាងខ្លួនឯងជាមុនសិនដែរ។
រឿងសំខាន់បំផុតក្នុងជីវិត គឺការរៀនគ្រប់គ្រងចិត្តរបស់ខ្លួនឲ្យបាន បើមិនដូច្នេះទេ វានឹងគ្រប់គ្រងយើងវិញមិនខាន។ គ្រប់គ្រងពាក្យសំដី មិនច្រឡោតដើម្បីតែឈ្នះ គ្រប់គ្រងចិត្តមិនសម្រេចភ្លាមៗព្រោះតែកំហឹង គ្រប់គ្រងកាយវិការ មិនច្រង៉េងច្រង៉ាងទោះជាខឹង។ កើតជាមនុស្សនរណាក៏ចេះខឹងដែរ ប៉ុន្តែអ្វីដែលខុសគ្នា គឺការគ្រប់គ្រងកំហឹងក្នុងចិត្ត។ បើគ្រប់គ្រងវាមិនបានទេ ក៏មិនអាចបន្ទោសអ្នកណា ថាគេមកសម្លាប់យើងដែរ ពីព្រោះកំហឹងនៅក្នុងចិត្តយើងនេះ វាសាហាវជាងសត្រូវ១០០នាក់នៅខាងក្រៅខ្លួនទៅទៀត...៕

