ការដែលមាត់ចេះតែនិយាយថាស្រឡាញ់នេះ ស្រឡាញ់នោះ ចង់បាននេះ ចង់បាននោះ ស្រឡាញ់សៀវភៅ តែឆ្លៀតពេលអានមិនបាន។ ការទាំងអស់នេះ គឺប្រៀបដូចស្រឡាញ់មនុស្សម្នាក់ តែយើងគ្មានពេលវេលាផ្ដល់ឱ្យគ្នា។ ស្រឡាញ់តែមាត់ តែគ្មានទង្វើនៃសេចក្ដីស្រឡាញ់មកបញ្ជាក់។ បើស្រឡាញ់ពិតត្រូវបង្ហាញទង្វើពិតៗ កុំនិយាយច្រើនស្របពេលដែលយើងអត់ធ្វើអ្វីសោះដើម្បីបញ្ជាក់ពីទំហំនៃសេចក្ដីស្រឡាញ់របស់យើង។ មាត់ចេះនិយាយថាស្រឡាញ់សុខភាព តែពេលបរិភោគអាហារគឺបំពេញតណ្ហាអណ្ដាតច្រើនជាង។ ទង្វើដែលផ្ដល់ចេញទៅច្រាសនឹងលទ្ធផលដែលចិត្តចង់បាន ឬក៏មាត់និយាយផ្សេង ចិត្តគិតផ្សេង ទង្វើធ្វើផ្សេង។ ជីវិតដែលបណ្ដែតបណ្ដោយតាមតែអារម្មណ៍ដែលខ្វះការគ្រប់គ្រង ឬថាជីវិតដែលខ្វះគោលការណ៍ មើលទៅសប្បាយម្យ៉ាងដែរ ប៉ុន្តែត្រូវរងឈឺចាប់យូរអង្វែង។

