#តម្លៃនៃការខិតខំប្រឹងប្រែង

ខ្ញុំឱ្យតម្លៃខ្លាំងទៅលើការតស៊ូប្រឹងប្រែង ចិត្តអំណត់អត់ធ្មត់ក្នុងការងារ មិនរអ៊ូថាក្តៅរងា បើទោះបីស្ថិតក្នុងកាលៈទេសៈមេឃភ្លៀង ឬបើកថ្ងៃក៏ដោយ។ ការតស៊ូប្រឹងប្រែង និងចិត្តអំណត់នេះហើយ ទើបធ្វើឱ្យមានខ្ញុំនៅថ្ងៃនេះ។ ខ្ញុំហ៊ាននិយាយថា “បើខ្ញុំមិនបានប្រឹងប្រែងទេ ម៉្លោះប្រហែលជាគ្មានខ្ញុំនៅថ្ងៃនេះទេ ឬសូម្បីតែជីវិតក៏រក្សាមិនបានផង។ ជីវិតលំបាកខ្លាំងណាស់ តែវាមិនឈ្នះការប្រឹងទេ”។ តើវាពិតជាធ្ងន់ធ្ងរដល់ថ្នាក់នេះមែនដែរ ឬទេ? ជីវិតដែលគ្មានការប្រឹងប្រែង គឺនឹងត្រូវស្លាប់ទាំងរស់។ ជីវិតដែលរស់នៅដោយពុំបានប្រឹងប្រែងដោយខ្លួនឯង គឺជាជោគជ័យដែលគ្មានតម្លៃសោះ។ ការងារខ្លះយើងធ្វើបានជោគជ័យ តែវាពុំមែនជាជោគជ័យដែលយកញើសឈាមទៅប្តូរ តើយើងនឹងមានអារម្មណ៍បែបណា? ការងារខ្លះ ប្រឹងយ៉ាងលំបាក តែលទ្ធផលបានតិចតួច តើយើងនឹងមានអារម្មណ៍បែបណា? លទ្ធផលល្អក្តី ឬមិនល្អក្តី គឺវាមានតម្លៃ ដ្បិតនៅពេលណាដែលយើងបានប្រឹងដោយខ្លួនឯង។ ចូរធ្វើជាមនុស្សដែលតែងតែមានមោទកភាពលើគ្រប់ការងារដែលយើងបានធ្វើ។ ការងារដែលធ្វើឱ្យយើងមានមោទកភាព គឺសុទ្ធតែកើតចេញពីការប្រឹងប្រែងទាំងអស់។

ក្នុងកាលៈទេសៈដ៏លំបាកនៃជីវិត ខ្ញុំយល់ថា វាគឺជាឱកាសមួយដែលអាចឱ្យយើងសាកល្បងសមត្ថភាពខ្លួនឯង។ សុរិយាចេញយាត្រានាពេលថ្ងៃ។ ចន្ទ្រា បើគ្មានវត្តមានរាត្រីទេ ក៏គ្មានអ្នកណាស្គាល់តម្លៃនៃពន្លឺដែរ ប្រៀបដូចជាជីវិតមនុស្សយើងម្នាក់ៗ បើគ្មានការលំបាកទេ តើយើងអាចបញ្ចេញសមត្ថភាពម្តេចបានទៅ។ មនុស្សខ្លាំង ឬខ្សោយពិតប្រាកដ យើងនឹងសម្គាល់បានច្បាស់នៅពេលចួបបញ្ហាលំបាកៗ ប្រៀបដូចជាយើងសម្គាល់ចន្ទ្រាពេលរាត្រីស្ងាត់អុីចឹង។ 

Comments