គ្មាននរណាម្នាក់ដែលអាចរកបានមិត្តម្នាក់ល្អឥតខ្ចោះទេ ប៉ុន្តែយើងម្នាក់ៗប្រាកដជាមានមិត្តយ៉ាងតិចក៏ម្នាក់ដែរ ដែលទទួលស្គាល់ភាពខ្វះចន្លោះរបស់យើង ហើយគេនៅតែបន្តភាពជាមិត្តជាមួយយើងរហូតដល់រាប់ឆ្នាំ។ មិត្តម្នាក់ដែលនៅទីនេះពេលដែលមនុស្សជាច្រើនចាកចេញពីយើងទៅ។ មិត្តដែលយល់ពីភាពស្ងៀមស្ងាត់របស់យើង ខណៈពេលដែលមនុស្សជាច្រើនមិនយល់សូម្បីតែនៅពេលដែលយើងរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ដល់ពួកគេ។ មិត្តដែលប្រើសម្ដីមិនល្អដាក់យើងខ្លះ ប៉ុន្តែគ្រប់ពេលដែលមានបញ្ហា វត្តមានរបស់គេបង្ហាញឡើងមុននរណាៗទាំងអស់។ មិត្តដែលយើងអាចពឹងបានពេលយើងត្រូវការ អាចប្រាប់រឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលយើងមិនបានប្រាប់សូម្បីតែអ្នកផ្ទះរបស់យើង។ ពួកគេអាចមិននៅក្នុងបន្ទប់រៀនជាមួយយើង អាចនឹងមិនជួបយើងរាល់ថ្ងៃ អាចមិនផ្ញើសារមកយើងរហូតដល់រាប់ខែក៏មាន ប៉ុន្តែរាល់ពេលយើងត្រលប់ទៅរកគ្នា និយាយគ្នា យើងក៏ដឹងថាគ្មានអ្វីប្រែប្រួលឡើយរវាងទំនាក់ទំនងរបស់ពួកយើងឡើយ។
យើងអាចមានមិត្តច្រើន ប៉ុន្តែមិត្តដែលយើងរាប់ថាជាមិត្តល្អ មានមិនច្រើនទេ ហើយប្រសិនបើពេលនេះយើងមានពួកគេនៅជិត សូមប្រាប់ពួកគេផង ថាយើងអរគុណសម្រាប់វត្តមានរបស់គេនៅក្នុងជីវិតរបស់យើង។ អរគុណដែលស្រឡាញ់រាប់អានយើង ស្មោះត្រង់យើង ជួយជ្រោមជ្រែងយើង មិនបំភ្លេចយើង ហើយមិនដែលបោះបង់យើងចោល ទោះជាស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងម៉េចក៏ដោយ។ អរគុណដែលទទួលយកភាពខ្វះចន្លោះរបស់យើង ហើយមានចំណែកនៅក្នុងភាពក្លាហាន និងការសម្រេចជោគជ័យជាច្រើនក្នុងជីវិតរបស់យើងរហូតមក។ យើងមិនធានាថាមិត្តភាពនេះនឹងមិនប្រេះឆា ឬមិនឈ្លោះប្រកែកគ្នារហូតទៅនោះទេ ប៉ុន្តែយើងជឿថាបើថ្ងៃណាមួយយើងឈ្លោះប្រកែកគ្នា យល់ច្រឡំលើគ្នា ខឹងគ្នា យើងនឹងរកឃើញហេតុផលដើម្បីត្រលប់មករកគ្នាវិញ ហើយបន្តទំនាក់ទំនងជាមិត្តនឹងគ្នាតទៅទៀត។ ផ្ញើជូនមិត្តជាទីស្រឡាញ់គ្រប់គ្នា! ខ្ញុំអរគុណណាស់ដែលមានឱកាសក្លាយជាមិត្តម្នាក់របស់អ្នក។

