ការជួបជុំ
មិនខ្វល់ថាយើងរកសេចក្តីសុខឱ្យខ្លួនឯងឬអត់ នៅចុងបញ្ចប់នៃថ្ងៃនីមួយៗព្រះអាទិត្យនៅតែលិចជានិច្ច។ ហើយនៅថ្ងៃបន្ទាប់ព្រះអាទិត្យក៏នៅតែរះដដែល វាជាសញ្ញានៃការផ្ដល់ឱកាសថ្មីម្ដងទៀតសម្រាប់ជីវិតយើង។ យើងអាចសម្រេចចិត្តរស់នៅក្នុងអតីតកាល បៀមភាពឈឺចាប់ជាប់នឹងទ្រូងរហូត ឬក៏ជម្នះហើយព្យាយាមរស់នៅក្នុងបច្ចុប្បន្នកាលឱ្យល្អបំផុត។ វានៅតែជាជម្រើសរបស់យើង។
ភាគច្រើនយើងចងចាំភាពឈឺចាប់ ទុក្ខសោក នៅក្នុងចិត្តបានយូរល្អណាស់ ប៉ុន្តែពេលវេលាល្អៗដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន យើងមិនសូវមើលឃើញទេ។ តើនរណាដឹងថាការចួបជុំលើកនេះជាការចួបជុំលើកចុងក្រោយ ឬក៏យើងនៅមានឱកាសចួបជុំគ្នាម្ដងទៀត?
ពេលវេលាដែលយើងបានចំណាយ គឺមិនអាចយកមកវិញបានទេ មិនអាចទេ! បើចំណាយវាឱ្យត្រូវ នោះយើងនឹងសប្បាយរីករាយពេលរម្លឹងវាម្តងៗ ប៉ុន្តែបើចាយពេលវេលាខុសវិញ នោះយើងនឹងរស់ក្នុងវិប្បដិសារៈមិនខាន។ បើអាចអភ័យបានក៏ធ្វើទៅ យើងនឹងបានស្រាលខ្លួន ពីព្រោះបើកាន់តែបៀមភាពឈឺចាប់ គំនុំក្នុងចិត្ត គឺដូចជាស្ពាយដុំភ្លើយក្នុងទ្រូងមិនព្រមព្រលែងអ៊ីចឹង។

