#រៀនរស់ជាមួយខ្លួនឯង

អ្នកខ្លះ​មិនទាន់​ចេះ​រស់នៅ​ជាមួយ​ខ្លួនឯង​ផង​ ក៏​ចង់​រក​អ្នក​ផ្សេង​មក​រួម​ដំណើរ​ជីវិត​ជាមួយ​ខ្លួន​ទៅ​ហើយ​។ មិនទាន់​ចេះ​ស្រឡាញ់​ខ្លួនឯង​ផង​ ក៏​ចង់​មាន​អ្នក​ស្រឡាញ់​ខ្វល់ខ្វាយ​ពី​ខ្លួន​ទៅ​ហើយ​។ តើ​វា​អាច​កើតឡើង​បាន​ដោយ​របៀបណា​? ពីមុន​យើង​អាច​ជា​ក្មេង​ម្នាក់​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ គួរ​ឱ្យ​ក្នាញ់​ គួរ​ឱ្យ​ចង់​លេង​ជាមួយ​ ប៉ុន្តែ​នៅពេល​ដែល​យើង​ក្លាយជា​មនុស្ស​ធំ​ពេញវ័យ​ វា​លែង​ដូចមុន​ទៀតហើយ​។ យើង​មិនមែន​មនុស្សក្មេង​ដែល​ត្រូវ​រំអួយ​ដើម្បី​បានការ​លួងលោម​ពី​អ្នកដទៃ​ ឬការ​និយាយ​ផ្អែមល្ហែម​ដាក់​ បញ្ជោរ​ សរសើរ​ ដើម្បី​ឱ្យ​យើង​អាច​សើច​បានទេ​។
អ្នកខ្លះ​គិតថា​ រស់នៅ​ម្នាក់ឯង​គួរ​ឱ្យ​ធុញ​ ប៉ុន្តែ​ពេល​ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​មិនបាន​ប៉ុន្មាន​ផង​ក៏​នឹកគិត​ចង់​នៅ​ម្នាក់ឯង​ម្ដង​ ទាំងនេះ​វា​ជា​រឿង​ពិត​។ ហេតុអ្វី​យើង​កើត​ចិត្ត​ចង់​រស់នៅ​ម្នាក់ឯង​ស្រប​ពេល​ដែល​យើង​កំពុង​រស់នៅ​ក្នុង​ទំនាក់ទំនង​? នោះ​ក៏​ព្រោះថា​ក្នុង​ទំនាក់ទំនង​ស្នេហា​វា​មានរឿង​ស៊ាំ​ញ៉ាំ​ច្រើនណាស់​។ អ្នកខ្លះ​បណ្ដោយ​ខ្លួន​ឱ្យ​លែង​មាន​ភាពជា​ខ្លួនឯង​ ដោយសារ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ អ្នកខ្លះ​ទៀត​ក៏​ចេះតែ​ទាមទារ​ការផ្លាស់ប្ដូរ​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ ដើម្បី​ឱ្យមក​តែ​ខាង​ខ្លួន​។ បើ​យើង​ពិនិត្យ​ និង​សង្កេត​ជាប្រចាំ​ចំពោះ​គ្រប់​សកម្មភាព​ ពាក្យសម្ដី​ ការ​គិត​ ជាប្រចាំ​ យើង​នឹង​បានឃើញ​។
ពេលខ្លះ​យើង​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿងរ៉ាវ​តូចតាច​បំផុត​ ហើយ​យើង​មិនឈប់​ត្រឹមហ្នឹង​ទេ​ យើង​បន្ត​សន្សំរឿង​ទាំងអស់​នោះ​ទុក​នៅក្នុង​ចិត្តជា​ប្រចាំ​ ហើយ​ចិត្ត​របស់​យើង​ក៏​តប់​ប្រមល់​ឡើង​ៗ ដែល​នេះ​វា​ក៏​រុញច្រាន​ឱ្យ​សកម្មភាព​បន្តបន្ទាប់​ ឬពាក្យ​សម្ដី​យើង​ពោល​ចេញ​មក​ដោយ​ការ​ខឹង​ ច្រឡោត​ ចង់​ឈ្នះ​គ្នា​ជាដើម​។ ចរិត​សម្ដែង​គឺ​សម្ដែង​មិនបាន​យូរ​ទេ​ ហើយ​នៅក្នុង​សេចក្ដី​ស្រឡាញ់​វា​ត្រូវការ​សម្ដែង​ចេញ​នូវ​ចរិត​ធម្មជាតិ​ ឬការពិត​។ បើ​យើង​ជា​មនុស្ស​ស្មោះត្រង់​ នោះ​នៅក្នុង​ទំនាក់ទំនង​ស្នេហា​យើង​នឹង​ផ្ដល់​ឱ្យ​នូវ​ភាព​ស្មោះត្រង់​។ បើ​យើង​ជា​មនុស្ស​ដែល​ចេះ​យោគយល់​ នោះ​នៅក្នុង​សេចក្ដីស្នេហា​យើង​នឹង​ផ្ដល់​ឱ្យ​នូវ​ការយោគយល់​។ បើ​យើង​ជា​មនុស្ស​ចេះ​ឈឺឆ្អាល​ នោះ​នៅក្នុង​សេចក្ដីស្នេហា​ យើង​នឹង​ចេះ​ផ្ដល់​ការ​ជ្រោមជ្រែង​ឱ្យ​គ្នា​។
មនុស្សយើង​នេះ​ណា​ នរណា​ក៏​ប្រាថ្នា​ចង់បាន​ដៃគូ​ល្អ​ម្នាក់​មក​រួម​ដំណើរ​ជីវិត​ជាមួយ​ដែរ​ ក៏ប៉ុន្តែ​មុននឹង​យើង​ប្រាថ្នា​ចង់បាន​ដៃគូ​ល្អ​ តើ​យើង​ធ្លាប់ធ្វើ​ជា​ដៃគូ​ល្អ​នៃ​ខ្លួនឯង​ទេ​? នៅជា​មួយ​ខ្លួនឯង​ តើ​យើង​ចេះ​រីករាយ​ទេ​? ព្រោះ​បើ​យើង​មិន​ចេះ​រីករាយ​ពេល​នៅ​ម្នាក់ឯង​ តើ​យើង​អាច​ធ្វើ​ឱ្យ​មនុស្ស​ដែល​យើង​ស្រឡាញ់​ ឬមនុស្ស​ដែល​យើង​រស់នៅ​ជាមួយ​មាន​ភាព​រីករាយ​ដោយ​របៀបណា​? ទោះជា​ពេលខ្លះ​ឱកាសល្អ​មិនទាន់​មកដល់​ ប៉ុន្តែ​ចូរ​យើង​រស់នៅ​ដោយ​ល្អ​ នៅ​គ្រប់​កាលៈទេសៈ​។ បើ​រឿង​ល្អ​មិនទាន់​កើតឡើង​ យើង​ត្រូវ​រស់នៅ​ជាមួយ​ភាព​លំបាក​ដោយ​ការ​អត់ធ្មត់​ ហើយ​បើ​វា​កើតឡើង​ យើង​ក៏​មិន​គួរ​បណ្ដែតបណ្ដោយ​ភ្លេចខ្លួន​។ ផ្ដល់​ក្ដី​ស្រឡាញ់​ឱ្យ​នរណា​ក៏ដោយ​ ក៏​កុំឱ្យ​រហូត​អស់រលីង​លែង​មាន​សម្រាប់​ខ្លួនឯង​។ រក្សា​ក្ដី​ស្រឡាញ់​ទុក​សម្រាប់​ខ្លួនឯង​ពាក់កណ្ដាល​ ព្រោះ​កាល​លែង​មាន​គេ​ យើង​ក៏​នៅតែ​អាច​រស់នៅ​បាន​ដដែល​។

Comments