ភាពរីករាយមិនអាចផ្តល់ទិសដៅឲ្យជីវិតដើរលើផ្លូវដ៏ត្រឹមត្រូវឡើយ ពីព្រោះភាពរីករាយច្រើនតែមានអារម្មណ៍ដឹកមុខ។ តើអ្វីអាចផ្តល់ទិសដៅដ៏ល្អសម្រាប់ជីវិត? នៅក្នុងទស្សនវិជ្ជារបស់ផ្លាតូ ភាពឆ្លាតវៃ ហេតុផល និងគតិបណ្ឌិត គឺជាធាតុស្នូលដ៏សំខាន់ក្នុងការស្វែងរកសុភមង្គល និងអាចផ្តល់ទិសដៅគ្រប់ផ្នែកទាំងអស់ដល់ជីវិតរបស់មនុស្សម្នាក់ៗ។ មនុស្សដែលគិតតែពីសប្បាយ មនុស្សដែលត្រេកត្រអាលតែនឹងភាពរីករាយ មិនអាចមានពេលគ្រប់គ្រាន់ទៅធ្វើរឿងដែលមានប្រយោជន៍ និងរឿងដែលមានគុណធម៌នោះឡើយ ព្រោះរឿងដ៏មានប្រយោជន៍ មិនសូវសម្បូរតែភាពរីករាយ ហើយគោលដៅចុងក្រោយរបស់រឿងមានប្រយោជន៍ ក៏មិនមែនដើម្បីយកតែភាពរីករាយត្រឡប់មកវិញដែរ។ រឿងដ៏មានប្រយោជន៍ផ្តល់មកវិញនូវតម្លៃ អត្ថន័យ និងសុភមង្គល។

