ចិត្តជាធម្មជាតិពិបាករក្សា

P

ចិត្តជាធម្មជាតិពិបាករក្សា ផ្លេងផ្លុងលឿនរហ័សពិបាកប្រដៅ ទើបត្រូវមានបច្ចេកទេសអប់រំត្រឹមត្រូវមិនអាចធ្វេសប្រហែសបានឡើយ ។ កិលេសជាធម្មជាតិធ្ងន់ស្អិតមានកម្លាំងខ្លាំងពិបាកច្រានចេញពីចិត្ត ទាល់តែគេសន្សំចេតសិកល្អៗឲ្យបានច្រើន ចម្រើនឥន្ទ្រិយទាំង៥ឲ្យចាស់ខ្លា ទើបកិលេសទន់ដៃទន់ជើង ធ្វើសមាធិទៅងាយស្រួលនឹងឡើងថ្នាក់ខ្ពស់បាន បើកិលេសចាស់ក្លា ឥន្ទ្រិយ៥ទន់ខ្ចីនៅឡើយមគ្គផលកម្រនឹងកើតឡើងបានណាស់ ។ ឥន្ទ្រិយ៥គឺ សទ្ធា - វីរយៈ - សតិ - សមាធិ - បញ្ញា គេត្រូវប្រុងប្រយ័ត្នចំពោះសទ្ធាបើនៅមានការសង្ស័យត្រូវជំរះការសង្ស័យជាមួយសប្បុរស មានសទ្ធាស៊ប់សួនទើបមានការព្យាយាមល្អ នាំឲ្យមានការភ្ញាក់រលឹកត្រឹមត្រូវ មានការតំកល់ចិត្តមាំ ក្នុងការពិចារណា ចេះស្តាប់គេស្តាប់ឯង មិនរឹងមានះ មិនអំនួត ទើបសមាធិ វិបស្សនាមានកម្លាំងស្មើគ្នាក្នុងការសម្លាប់កិលេសទៅបាន ។

Comments