ពោជ្ឈង្គះ៧ ( The seven factors of awakening ) ធម៌ជាអង្គ៧ប្រការនាំទៅដល់ការត្រាស់ដឹងមគ្គផល ។ នេះគឺជាកំពូលបច្ចេកទេសអប់រំចិត្ត ដោយការយកសតិបញ្ញាធ្វើជាអ្នកថ្លឹងថ្លែង រវាងបាតុភូតដែលបានកើតឡើងក្នុងចិត្ត បើតឹងពេកត្រូវបន្ធូរ បើធូរពេកត្រូវបន្តឹងមកវិញ ដើម្បីទទួលបានភាពជាកណ្តាល ដែលព្រះលោកហៅថាមជ្ឈិមបដិបទា ជាការលះបង់កាមះសុខោល្លិកានុយោគ(ការធ្វើខ្លួនឲ្យជាទាសៈរបស់កាម)និងអត្តកិល្លមថានុយោគ(ការធ្វើកាយឲ្យលំបាកឥតប្រយោជន៍)។
១- សតិពោជ្ឈង្គះ សេចក្តីភ្ញាក់រលឹកតាមពិនិត្យដឹងទាន់នូវចលនាចិត្ត ដឹងសុខទុក្ខក្នុងចិត្ត ។
២- ធម្មវិចយ ចេះពិនិត្យពិចារណា ដោះទុក្ខចេញពីក្នុងចិត្ត ដោយការលួងលោមខ្លះ ពន្យល់អប់រំខ្លះ គំរាមសម្លុតវាខ្លះ ជាឧបាយត្រូវទំនងក្នុងការឃុំគ្រងរក្សាចិត្ត ។ មិនត្រូវឲ្យចិត្តទំនេរជាដាច់ខាត ព្រោះចិត្តមួយហ្នឹងឲ្យតែទំនេរគឺវារត់ទៅរកអារម្មណ៍មិនល្អភ្លាម ដោយហេតុថាវានៅក្នុងភពកាមាវចរ(ដោយច្រើនត្រាច់ចុះក្នុងកាម) ។ ដូច្នេះពេលទំនេរត្រូវនាំវាមកពិចារណា អនិច្ចំ ទុក្ខំ អនត្តាភ្លាម ពេលណាចិត្តវាហត់នឿយត្រូវនាំវាមកជ្រកក្រោមវិហារធម៌គឺការពិនិត្យខ្យល់ដង្ហើម ។
៣- វិរយពោជ្ឈង្គ សតិត្រូវដឹងព្រោះខ្លួនជាអ្នកថ្លឹង កាលណាសេចក្តីព្យាយាមកើនខ្លាំងវាទៅជារាយមាយ ត្រូវនាំចិត្តចូលសមាធិវិញ ឬ បើចិត្តងុយងក់ ត្រូវនាំចិត្តឡើងកាន់ការពិចារណាវិបស្សនា ។
៤- បីតិពោជ្ឈង្គះ សេចក្តីឆ្អែតថ្លាហ្នឹងស្មើក្នុងចិត្ត សតិគ្រាន់តែសម្លឹងស្ងៀមមិនត្រូវរំខានទេ មិនត្រូវជាប់ក្នុងភាពត្រជាក់ថ្លានោះដែរ ព្រោះវាជាឧបាទានដែរ ។
៥- បស្សទ្ធិពោជ្ឈង្គះ សេចក្តីស្ងប់ថ្លាស្អាតក្នុងកាយចិត្ត សតិគ្រាន់តែដឹងមិនត្រូវរំខានទេ តែក៏មិនត្រូវជាប់ក្នុងភាពស្ងប់នោះដែរ វាក៏ជាឧបាទានដែរ ។
៦- សមាធិពោជ្ឈង្គះ ការតំកល់ចិត្តមាំ ខ្ចាប់ខ្ជួនក្នុងអារម្មណ៍តែមួយ សតិត្រូវដឹង ព្រោះសមាធិជាសម្លាញ់នៃកោសជ្ជះ(ភាពខ្ជិលច្រអូសនៃចិត្ត)និងថីនះមិទ្ធះ(ភាពងុយងក់) បើចិត្តចាប់ស្ពឹករកងុយដេក(ជិតធ្លាក់ក្នុងភវង្គ)ត្រូវនាំវាមកកាន់វិបស្សនាវិញ(បើមិនឈ្នះទេដេកឲ្យគ្រប់សិនទៅ សមាធិបានល្អក៏ត្រូវគេងឲ្យបានគ្រប់គ្រាន់ដែរ) បើពិចារណាយូរ ចិត្តវាហត់នាំវាចូលសមាធិវិញ ស្រេចហើយលើសតិជាអ្នកថ្លឹង ។
៧- ឧបេក្ខាពោជ្ឈង្គះ ភាពព្រងើយស្មើនៃចិត្ត មិនធ្លាក់ក្នុងអារម្មណ៍ស្រឡាញ់ស្អប់ នេះជាច្រកផ្លូវចូលទៅកាន់ភាពជោគជ័យនៃកិច្ចបដិបត្តិហើយ ព្រោះចិត្តបានរួចរំដោះពីគំនាបនៃការស្រឡាញ់ស្អប់ វាក៏ជាអនត្តាដែរ កុំជាប់ជំពាក់នាំឲ្យកើតឧបាទាន ។

