និទានធម្មៈ

P

មានភិក្ខុពីរអង្គជាសម្លាញ់នឹងគ្នា ចេញពីសំណាក់អាចារ្យជាមួយគ្នាហើយមួយអង្គទៅគង់ក្នុងស្រុកដែលសំបូរសប្បាយអាហារភោជន មួយអង្គទៀតទៅគង់នៅស្រុកដែលខ្វះខាតអាហារ ។ ថ្ងៃមួយភិក្ខុនៅកន្លែងសំបូរអាហារ ទៅលេងកន្លែងភិក្ខុខ្វះខាត វេលាល្ងាចលោកចេះតែរង់ចាំសម្លាញ់នាំភេសជ្ជៈមកប្រគេនក៏មិនឃើញ លោកគិតថាព្រឹកស្អែកគង់តែសម្លាញ់នាំយកមកប្រគេនជាមិនខាន ។ លុះវេលាព្រឹកក៏មិនឃើញអាហារពេលព្រឹកទៀត ដល់ពេលអាហារថ្ងៃត្រង់ទើបឃើញសម្លាញ់បិណ្ឌបាតបានបបរកន្លះត្រឡោកយកមកចែកគ្នាពាក់កណ្តាលម្នាក់ ។ លោកបានបបួលសម្លាញ់ឲ្យទៅគង់នៅខាងស្រុកលោកដែលសំបូរអាហារ ស្រាប់តែភិក្ខុខាងស្រុកខ្វះខាតពោលថា តស់ទៅអញ្ចឹង ! លោកខាងស្រុកសំបូរភ្លាត់មាត់ថា ទៅអីភ្លាម លោកម្ចាស់មិនរៀបចំឥវ៉ាន់ទេឬ ? លោកតបថា ឥវ៉ាន់ ? អាត្មាមានតែត្រឡោកនេះមួយនិងចីវរមួយសម្រាប់នេះទេ តើមានអីត្រូវរៀបទៀត ? សម្លាញ់តបថា បើដូច្នោះចាំមួយភ្លែត អាត្មាយកឆ័ត្រ យកបាត ឈើច្រត់ បំពង់ប្រេង និងស្បែកជើងសិន ! ។ លោកម្ចាស់ទីកន្លែងពោលថាៈ លោកម្ចាស់ទើបតែមកមិនបានពីរថ្ងៃពេញផង សំបូររបស់ដល់ម៉្លោះឬ ? បើជីវិតពេលត្រូវចាកចេញពីលោកនេះយកអីតាមមិនបានផងនោះ ហើយលោកម្ចាស់មានកង្វល់ច្រើនយ៉ាងនេះតើនឹងចេញចាកពីលោកនេះបានដូចម្តេចទៅ ? ជាប់ជាមួយរបស់ដែលខ្លួនយកតាមមិនបានចេញពីលោកនេះមិនរួចទេ ! ។

Comments