កាលណាគេបណ្តែតបណ្តោយចិត្តឲ្យគិតពីរឿងរ៉ាវផ្សេងៗ

P

កាលណាគេបណ្តែតបណ្តោយចិត្តឲ្យគិតពីរឿងរ៉ាវផ្សេងៗ នោះការស្អប់និងការស្រឡាញ់បានកើតឡើង បើយើងកាន់តែគិតនោះកម្លាំងស្អប់ស្រឡាញ់កាន់តែកើនឡើង បើមិនមានសតិកំណត់ដឹងពីវាទេ នោះវាកាន់តែកើតហើយកើតទៀត បណ្តាលឲ្យមានការរំជួលចិត្តកើតកាន់តែខ្លាំងគ្របសង្កត់មកលើវិញ្ញាណ ពេលនោះគឺយើងជាប់ក្នុងការរំជួលចិត្ត ធ្វើឲ្យសុភវិនិច្ឆ័យរបស់យើងត្រូវបាត់បង់អស់។លទ្ធផលគឺនាំទៅរកកាយទុច្ចរិត វចីទុច្ចរិត ដែលផ្តល់ទុក្ខទោសដល់ខ្លួនឯងផងនិងដល់អ្នកដទៃផង។យើងបានបង្កើតទុក្ខទោសឲ្យខ្លួនឯងតាំងពីឥឡូវនេះ និងតទៅអនាគត ព្រោះតែប្រតិកម្មចិត្តដ៏ងងឹតងងល់តែមួយខណៈរបស់យើង។ ការមិនរំជួលចិត្ត ទៅនឹងហេតុការណ៍ខាងក្រៅ គឺជាភាពប៉ិនប្រសប់ ភាពឆ្លាតវាងវៃរបស់មនុស្សម្នាក់ៗ។ធម្មជាតិណាញ៉ាំងចិត្តមិនឲ្យរំជួលញាប់ញ័រ ធម្មជាតិនោះហៅថាបញ្ញា វាគឺជាការយល់ត្រូវ ត្រិះរិះត្រូវនេះឯង។ របស់ខាងក្រៅក៏មិនទៀង របស់ខាងក្នុងក៏មិនទៀង តើចាំបាច់រំជួលចិត្តទៅនឹងអ្វី?(បញ្ញា) អ្វីដែលអាចធ្វើបានគឺត្រូវតែធ្វើ តែមិនជាប់ជំពាក់(បញ្ញា)។ កាលណាយើងពិនិត្យឃើញដំណើរជីវិតដែលមិនទៀង ត្រូវប្រែប្រួលទៅរកសភាពចាស់ ឈឺ ស្លាប់ ជានិច្ច ការមើលឃើញសេចក្តីពិតនេះដោយបញ្ញាញាណ តាមការប្រតិបត្តិវិបស្សនា ពេលនោះភាពមានៈប្រកាន់ក្នុងគំនិតយល់ឃើញផ្ទាល់ខ្លួនត្រូវរលាយបាត់អស់ ហើយទំលាប់របស់ចិត្តដែលតែងតែពុះកញ្ជ្រោលទៅរក រាគៈនិងទោសៈត្រូវបានកែប្រែ នេះគឹជាមាគា៌រំដោះទុក្ខយ៉ាងពិតប្រាកដ។ការប្រឹងប្រែងទាំងមូលរបស់យើង គឺការរក្សាចិត្តកុំឲ្យប្រតិកម្មទៅនឹងរឿងរ៉ាវខាងក្រៅនេះឯង។

Comments