នាទីកំសាន្តចិត្ត ៖ អត្ថន័យបុណ្យផ្កា

P

នាទីកំសាន្តចិត្ត ៖ អត្ថន័យបុណ្យផ្កា
បុណ្យផ្កាមានតាំងពីជំនាន់ពុទ្ធកាលមកម៉្លេះ វាមានពីរបែប
១បុណ្យផ្កាមែនទែនៈ ក្នុងធម្មជាតិ អ្វីដែលល្អបំផុតគឺផ្កា ល្អទាំងពណ៌ ទាំងក្លិន ទើបស្ទើរតែគ្រប់សាសនាបានយកផ្កាថ្វាយព្រះ សព្វថ្ងៃ គេដាក់តាំងផ្កាលំអដើម្បីឲ្យចិត្តរីករាយជាដើម។ មានតំណាលថា មានអាមាត្យស្តេចពិម្ពិសារបានទៅទិញផ្កាថ្វាយស្តេច តែគាត់បានទៅស្តាប់ធម៌ដែលព្រះពុទ្ធបានសម្តែង លុះគាត់បានយល់ន័យធម៌ គាត់ជ្រះថ្លាពេក បានបាចផ្កាថ្វាយព្រះ ស្រាប់តែមានហេតុអស្ចារ្យបានកើតឡើង គឺផ្កាបានហោះវិលក្លាយជាដំបូលបាំងគ្របលើព្រះពុទ្ធ ។ ប្រពន្ធគាត់គិតតែពីភ័យព្រោះខ្លាចស្តេចប្រហារជីវិតទាំងពួជ ព្រោះមិនបានយកផ្កាថ្វាយស្តេចគាត់បានលែងប្តីគាត់ចោលមួយរំពេច។ ផ្ទុយទៅវិញព្រះរាជាបានដឹងរឿងនេះហើយក៏កើតចិត្តជ្រះថ្លា បានប្រទានប្រាក់ឲ្យដល់អាមាត្យហើយអនុមោទនាបុណ្យពីគាត់ទៀតផង។
២បុណ្យផ្កាសន្មតៈ ក្រោយមកដើម្បីមានការផ្គត់ផ្គង់ដល់វត្ត ដូនតាយើងលោកបានបំលែងបុណ្យផ្កាឲ្យក្លាយជាបុណ្យផ្កាកន្ទេល ផ្កាស្រូវ ផ្កាដែក ផ្កាសីុម៉ង់ ផ្កាអុស ផ្កាប្រាក់ ។ល។អ្នកស្រុកស្រុះស្រួលមូលមាត់គ្នា បានដង្ហែរផ្កាទាំងនោះដាក់វត្តដើម្បីទុកប្រើប្រាស់ផងនិងកសាងវត្តផង ព្រោះវត្តអារាមគឺជាឃ្លាំងប្រពៃណីវប្បធម៌ផង ជាមន្ទីរពេទ្យព្យាបាលផ្លូវកាយផ្លូវចិត្តផង ដែលសេវានៅទីនោះគឺមានត្រឹមតែពរជ័យប្រកបដោយក្តីករុណា គ្មានអស់ប្រាក់កាសអ្វីទាំងអស់ ! ។

Comments