ឥរិយាបទរបស់យើងខ្លះអាចធ្វើឲ្យអ្នកដទៃសប្បាយរីករាយ ប៉ុន្តែក៏អាចធ្វើឲ្យអ្នកដទៃទៀតមិនពេញចិត្តដែល ។ យើងត្រូវចេះប្រមើលមើលទឹកចិត្តអ្នកដទៃ នោះយើងនឹងក្លាយជាទីរាប់អានរបស់អ្នកដទៃ និងអាចបំបាត់ភាពរើសអើងក្នុងគ្រួសារ និងក្នុងសហគមន៍។ ហេតុនេះហើយ យើងត្រូវបង្កើតនូវឥរិយាបថល្អៗ និងស្គាល់ខ្លួនឯងឲ្យបានច្បាស់ ដើម្បីក្លាយជាមនុស្សល្អ និងជាសមជិកល្អរបស់គ្រួសារ និងសង្គម។
យើងតែងតែធ្វើអ្វីមួយដោយការសម្រេចចិត្តចេញពីផ្នត់គំនិតរបស់យើងផ្ទាល់។ ផ្នត់គំនិតរបស់យើងឆ្លុះបញ្ចាំងឲ្យឃើញ តាមរយៈអាកប្បកិរិយា និងការប្រព្រឹត្តរបស់យើងចំពោះអ្នកដទៃ។ ប្រសិនបើយើងមិនបានគិតពីមូលដ្ឋានតម្លៃរបស់យើងមុនស្ថានការណ៍មកដល់នោះទេ សកម្មភាពរបស់យើងអាចនឹងមិនផ្ដល់លទ្ធផលល្អសម្រាប់ខ្លួនយើងឡើយ ៕

