ជំនន់ទឹកភ្លៀងនៅស្រុកបាទី

P

នៅពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ ២០២១នេះ នៅទូទាំងខេត្តតាកែវ ទទួលរងនូវទឹកភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បង្កជាជំនន់ទឹកភ្លៀងជន់លិចផ្លូវក៏ដូចជាផលស្រូវប្រជាពលរដ្ឋជាច្រើនកន្លែងទូទាំងខេត្តតាកែវ។ ក្នុងចំណោមស្រុក ក្រុងទាំង ១០ នៃខេត្តតាកែវ ដែលបានរងផលប៉ះពាល់ខ្លាំងនូវជំនន់ទឹកភ្លៀងគួរឲ្យតក់សម្គាល់គឺមានឃុំចំនួន ៤ នៅស្រុកបាទី។ ឆ្លើយតបនិងសភាពការណ៍នេះដែរលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានចុះពិនិត្យស្ថានភាពដែលកំពុងមានការប៉ះពាល់ដល់ប្រយោជន៍បងប្អូនប្រជាពលរដ្ឋជាក់ស្តែង ក្នុងនោះមានដូចជាផ្លូវដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀងត្រង់ចំណុចភ្នំតាម៉ៅ ភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី។

ដោយឡែកនៅឃុំចំបក់ ឃុំត្រពាំងសាប ឃុំពារាម និងឃុំត្នោត បានធ្វើការកាយប្រឡាយដើម្បីរំដោះទឹកសម្រួលទឹកឲ្យហូរបានលឿន កុំឲ្យមានការជន់លិច សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងស្រុកបាទីបានជាច្រើនកន្លែង។

ផ្អែកតាមស្ថានភាពជាក់ស្តែងនៅស្រុកបាទីគិតមកត្រឹមថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទឹកបានស្រកចុះជាបណ្តើរៗហើយ ព្រោះរដ្ឋបាលស្រុកនិងកម្លាំងពាក់ព័ន្ធផ្សេងៗបានរួមគ្នាដោះស្រាយបានទាន់ពេលវេលា ពិសេសបានកាយប្រឡាយបង្ហូរទឹកចូលប្រឡាយមេ ដើម្បីបញ្ជៀសការជន់លិចភូមិស្រុក និងផលស្រូវប្រជាពលរដ្ឋ៕

ប្រភព https://www.kampucheathmey.com/local-news/235919/

Comments