កម្ពុជាបានដាក់ឯកសារចំនួន ២ បន្ថែមទៀតគឺ «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» ទៅអង្គការយូណេស្កូ ដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
ការដាក់ស្នើនេះ ត្រូវបានធ្វើឡើង នៅក្នុងឱកាសព្រះរាជកិច្ច នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង របស់ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឱ្យលោកស្រី Audrey AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ ចូលថ្វាយបង្គំគាល់សម្តែងការគួរសម កាលពីថ្ងៃទី១៣ វិច្ឆិកាឆ្នាំ២០២១។
ក្នុងកិច្ចសវនការនេះដែរ កម្ពុជាបានជូនដំណឹងដល់អង្គការយូណេស្កូថា កម្ពុជាមានឯកសារចំនួន ២ ដែលកំពុងដំណើរការមាន «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ដែលនឹងសុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី១៤ វិច្ឆិកា។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងនៅថ្ងៃទី ១៤ វិច្ឆិកាថា ការដាក់ស្នើរបស់កម្ពុជានូវឯកសារចំនួន ២ គឺ «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» បន្ថែមទៀត ដើម្បីស្នើសុំអង្គការយូណេស្កូ បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនេះ គឺក្រោយពីកម្ពុជាបានរៀបចំឯកសារគ្រប់គ្រាន់។
ប្រភព https://www.postkhmer.com/national/2021-11-14-1830-226759.html

