តំបន់មជ្ឈឹមបូពា៌ លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ានេខាងកើតដល់ឈូងសមុទ្រពែក ឬជាតំបន់មួយដែលលាតសន្ធឹងចាប់ពីប៉ែកនិរតីនៃទ្វីបអាសុីនិង ប៉ែកឦសាននៃទ្វីបអាហ្វ្រិក។
វាលខ្សាច់ធំៗបានគ្រប់ដណ្ដប់លើមជ្ឈឹមបូព៌ាទាំងមូលលើកលែងតែតំបន់ដែលស្ថិតនៅតាមេជ្រលងទន្លេប្រកបដោយដីមានជីជាតិ និងទឹកសម្រាប់ប្រជាពលរដ្ឋប្រកបអាជីវកម្មផ្សេងៗតែប៉ុននោះ ។តំបន់មជ្ឈឹមបូព៌ាមានអាកាសធាតុក្ដៅពេញផ្ទៃដីទាំងអស់ លើកលែងតែតំបន់ក្បែរមាត់សមុទ្រខ្មៅ សមុទ្រកាសព្យែនប៉ែកខាងជើង តាមជំរាលភ្នំយេមែនប៉ែកខាងត្បូង និងតាមទំនាបដែលលាតសន្ធឹងតាមដងទន្លេទីក ទន្លេអឺប្រាត និងទន្លេនីល។
មជ្ឈឹមបូព៌ាជាតំបន់ដែលចាស់ជាងគេ ក្នុងចំណោមតំបន់ដទៃទៀតក្នុងពិភពលោក។ អរិយធម៌នៅតំបន់នេះ បានចាប់កំណើតតាំងពី ៥ ០០០ឆ្នាំមុន គ.ស និងបានបន្សល់ដល់សម័យបច្ចុប្បន្ននូវសក្ខីកម្មនៃអរិយធម៌ដ៏ត្រចះច្រចង់ ដូចជា ពីរ៉ាមីត ផ្នូរស្ដេច និងទីក្រុងជាច្រើនដែលលេចត្រដែតកណ្ដាលវាលខ្សាច់។ តំបន់នេះក៏បានដល់កំណើតដល់សាសនាធំៗបី គឺ៖ សាសានាហូដា គ្រិស្ដសាសនានិង សាសនាឥស្លាម។
ជាទូទៅ មជ្ឈិមបូព៌ាគឺជាតំបន់ដែលមានអាកាសស្ងួតហែង និង ក្ដៅខ្លាំង ជាមួយទន្លេធំៗជាច្រើន បានផ្ដល់ទឹកសម្រាប់ស្រោចស្រពក្នុងវិស័យកសិកម្មនៅលើផ្ទៃដីមានកម្រិត។ ប្រទេសជាច្រើនដែលស្ថិតនៅជុំវិញឈូងសមុទ្រពែក សម្បូរទៅដោយធនធានប្រេងកាតយ៉ាងច្រើន។ នាសម័យបច្ចុប្បន្ននេះ មជ្ឈិមបូព៌ានៅតែជាតំបន់មួយ ដែលមានសក្ដានុពលទាំងវិស័យ សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងសាសនា។

