ការដកបំ​រាមអ្នក​ដំណើរ​មកពីទ្វីប​អាហ្វ្រិក​ចំនួន ១០

P

ប្រមុខ​រាជរដ្ឋាភិ​បាល​កម្ពុជា​បានស្នើ​ឱ្យ​ដក​បម្រាម​ដែល​ក្រសួង​សុខាភិ​បាល​បានប្រកាស​ហាម​អ្នក​ដំណើរ​ដែល​មកពី​ប្រទេស​ចំនួន ​១០​ នៅទ្វីប​អាហ្វ្រិក​ ដើម្បី​ការពារ​នូវ​វីរុស​កូ​វីដ ១៩​ បំប្លែង​ថ្មី​ ឈ្មោះអូ​មី​ក្រុង (Omicron) ប៉ុន្តែ​ត្រូវធ្វើ​តេស្ត​ជាមួយ​នឹង​ម៉ាស៊ីន​ធំ ​PCR ស​ម្រាប់​អ្នក​ដំណើរ​មកពី​ប្រទេស​ទាំងនោះ​វិញ និង​បន្ត​ពង្រឹង​នូវ​វិធាន​ការ​សុខាភិ​បាល​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​នូវ​សមិទ្ធ​ផល​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​ ២ ​ខែ ធ្នូ ឆ្នាំ ២០២១ ថា ទោះបី​ជាមាន​វីរុស​បំប្លែង​ថ្មី​ឈ្មោះ​អូ​មី​ក្រុង​ នេះ​ក៏ដោយ​ តែ​សុំ​ប្រជា​ពលរដ្ឋ​កុំ​ស្លន់​ស្លោ​ហួស​ហេតុ​និង​កុំ​ភ័យ​ពេក​រហូត​ដល់​បាត់​ម្ចាស់​ការ​។

លោក​បាន​ថ្លែង​ថា៖ ​«ខ្ញុំ​គិតថា ​ឯកឧត្តម​ ម៉ម ប៊ុនហេង​ គួរ​ពិភា​ក្សា​គ្នា។ ខ្ញុំ​ហាក់​ដូចជា​បាន​យល់​ស្រប​ជាមួយ​នឹង​លោក អង់​តូ​នី​ញ៉ូ​ហ្គូ​តេស ​អគ្គ​លេខាធិ​ការ​អង្គការ​សហ​ប្រជាជាតិ ដែល​លោក​ថា នៅពេល​ដែលគេ​កាត់​ផ្តាច់​បិទ​ការ​ហាម​ចូល​នេះធ្វើ​ឱ្យ​ប្រទេស​នៃ​តំបន់​អាហ្វ្រិក​ខាង​ត្បូង​មាន​ភាព​ឯកោ។ អគ្គលេខា​ធិការ​អង្គកា​រសហ​ប្រជា​ជាតិ​បង្ហាញ​នូវ​ការ​សោក​ស្តាយ ហើយ​គាត់​ស្នើ​នូវ​វិធាន​ការ​ជំនួស​វិញ​តាម​រយៈ​ការ​បង្កើន​ការធ្វើ​តេស្ត»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែងថា ប្រទេស​កម្ពុជា​មិន​មាន​ជើងហោះហើរ​ត្រង់​ពី​អាហ្វ្រិក​មក​ទេ ដែល​វា​មិនមាន​ការចាំ​បាច់​ដើម្បី​កំណត់​ហាមប្រាម​នោះទេ ក៏ប៉ុន្តែ​អាច​នឹងមាន​តម្រូវ​ការឱ្យ​អ្នក​ដំណើរ​ដែល​មកពី​ប្រទេស​ទាំងនោះ​គប្បី​បង្កើន​ការធ្វើ​តេស្ត ទោះបីគាត់​មាន​វ៉ាក់​សាំង​ហើយក៏​ដោយ ប៉ុន្តែ​អាច​សុំ​អធ្យា​ស្រ័យ​ពី​គាត់​ធ្វើតេស្ត​ PCR វិញ ជាជាង​ការដាក់​បា​រ៉ា​ស់ (ការ​ហាម​ឃាត់)។

អានបន្ថែម

Comments