ទីតាំងដែលត្រូវបានរៀបចំធ្វើជាមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ មិនទាន់ត្រូវបានបិទ ឬរុះរើចេញនៅឡើយទេ បើទោះបីជាស្ថានភាពនៃអ្នកឆ្លងវីរុសកូវីដ ១៩ បានថយចុះ និងមិនសូវមានអ្នកជំងឺចូលទៅសម្រាកព្យាបាលច្រើនក៏ដោយ តែអាចនឹងផ្តល់ជូនខាងវិស័យឯកជនវិញ នៅចុងខែធ្នូ ឬដើមឆ្នាំ ២០២២។ នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងដូចនេះ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាថា ចំនួនអ្នកជំងឺកូវីដ ១៩ មានការធូរស្បើយច្រើនហើយ រីឯចំនួននៃអ្នកព្យាបាលនៅផ្ទះ និងនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ហាក់មានចំនួនប្រហាក់ប្រហែលគ្នា។
លោកថា ការព្យាបាលតាមផ្ទះ ជាកិច្ចការពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពបង្គួរដោយពួកគាត់អាចទិញថ្នាំព្យាបាលបាន ហើយពួកគាត់អាចប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យនៅតាមបណ្តាខណ្ឌនានាតាមប្រព័ន្ធតេឡេក្រាមដោយមិនមានឧបសគ្គអ្វីនោះទេ។ ដោយឡែកអ្នកដែលមានជំងឺធ្ងន់ទើបយកទៅព្យាបាលនៅមន្ទីរពេទ្យ ឬតាមមណ្ឌលព្យាបាលកូវីដ ១៩។
អានបន្ថែម https://www.postkhmer.com/national/2021-11-26-1002-227419.html

