វីរុសបំប្លែងថ្មី Omicron និង Delta

P

ទាំង វីរុស​បំប្លែង​ថ្មី Omicron និង​ Delta សុទ្ធ​តែ​ជា​វីរុស​បំប្លែង​របស់​វីរុស​កូរ៉ូណា ដែល​ជា​វីរុស​ដើម​បង្ក​ជំងឺ​កូវីដ-១៩។ តាម​ការ​ឲ្យ​ដឹង​ពី​លោក William Schaffner អ្នក​ឯកទេស​ជំងឺ​ឆ្លង និង​ជា​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ Vanderbilt សហរដ្ឋអាមេរិក រាល់​ពេល​ដែល​មេរោគ​នេះ​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ថ្មី វា​នឹង​កើន​ឡើង​រាប់​លាន​ដង ដែល​ផ្ដល់​ឱកាស​ឲ្យ​វីរុស​បំប្លែង​ខ្លួន​បាន។

វីរុស Delta គឺ​ងាយ​ឆ្លង​ជាង​វីរុស​កូវីដ-១៩​ធម្មតា ច្រើន​ជាង​ទ្វេ​ដង ហើយ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ឆ្លង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ខ្លាំង​ជាង ពិសេស​មនុស្ស​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក (CDC)។

ចំពោះ​វីរុស​បំប្លែង​ថ្មី Omicron មាន​ចំនួន​នៃ​ការ​ផ្លាស់​ប្ដូរ​ច្រើន បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក ហើយ​វា​ហាក់​ដូច​ជា​អាច​ឆ្លង​ទៅ​មនុស្ស​ដែល​ធ្លាប់​កើត​ជំងឺ​កូវីដ-១៩​ពី​មុន​បាន​ថែម​ទៀត។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ការ​បម្រែបម្រួល​ទាំង​នោះ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ប្រូតេអ៊ីន spike ពិត​ប្រាកដ​ដែល​ជា​ផ្នែក​សំខាន់​នៃ​មេរោគ ដែល​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅ​ក្នុង​កោសិកា​នៃ​រាងកាយ​របស់​យើង និង​ជា​ហេតុ​ធ្វើ​ឲ្យ​ឈឺ។ អ្វី​ដែល​នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ពេល​នេះ​គឺ​ថា​តើ​វីរុស​បំប្លែង​ថ្មី Omicron ឆ្លង​ដូច​វីរុស Delta ឬ​ខ្លាំង​ជាង​វីរុស​បំប្លែង​មុន។

Omicron មាន​ការ​បំប្លែង​ស្រដៀង​គ្នា​ទៅ​នឹង​វីរុស​បំប្លែង Beta និង Gamma ដែល​មាន​ភាព​ធន់​នឹង​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ-១៩​ធម្មតា។ ទន្ទឹម​នឹង​នេះ WHO ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អង្គការ​កំពុង​ធ្វើ​ការ​ជាមួយ​ដៃ​គូ​បច្ចេកទេស​ដើម្បី​យល់​ពី​ផល​ប៉ះពាល់​នៃ​វីរុស​បំប្លែង​ថ្មី Omicron ទៅ​លើ​វិធានការ​ការពារ​វីរុស​កូវីដ-១៩ ដែល​បន្ត​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ រាប់​បញ្ចូល​ទាំង​វ៉ាក់សាំង​ការពារ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ធំៗ​ដូចជា Johnson&Johnson, Moderna, Pfizer បាន​ឲ្យ​ដឹង​ថា ពួក​គេ​អាច​ផលិត​វ៉ាក់សាំង​មួយ​ផ្សេង​ទៀត​ដែល​ផ្ដោត​ទៅ​លើ​ការ​ទប់​ស្កាត់​វីរុស​បំប្លែង​ថ្មី Omicron តែ​មួយ​មុខ៕

Comments