សារសំខាន់នៃការធ្វើតែងសេចក្តី

P
phuongsok

បច្ចុប្បន្ន តែងសេចក្តីខ្មែរត្រូវបានគេមើលឃើញពីសារប្រយោជន៍ និងឲ្យតម្លៃខ្ពស់ស្រប ជាមួយនិងការលើកតម្កើង ភាសា និងអក្សសាស្ត្រជាតិ ។ នៅក្នុងសាលារៀន ចាប់ពីបឋមសិក្សារហូតដល់ ឧត្តមសិក្សាក្នុងការប្រឡងសញ្ញាបត្រ និងប្រឡងវិជ្ជាជីវៈផ្សេងៗ ភាគច្រើន បាននិយមឲ្យតម្លៃទៅលើមុខវិជ្ជានេះ ។ ពេលវេលាក្នុងពេលវាលាក្នុងកម្មវិធី សិក្សា ក៏មានចំនួនច្រើន សម្រាប់ទុកសិក្សា ។ ប្រធានតែងសេចក្តីក៏កាន់តែមានទម្ងន់ស្របទៅតាមទំហំនៃការគិតពិចារ ណាដ៏ឈ្លាសវៃរបស់សិស្ស ។

សារសំខាន់នៃការធ្វើតែងសេចក្តី

តែងសេចក្តីមានសារៈសំខាន់ច្រើនយ៉ាងគឺ៖

ក. ចេះបង្ហាញពីមតិ គំនិត

តែងសេចក្តីបង្រៀនសិស្សឲ្យចេះយកមតិ គំនិត យោបល់មកបង្ហាញឲ្យបានច្បាស់លាស់ ។ ដោយមានរបៀបរៀបរយតាមវិធីសាស្ត្រ ត្រឹមត្រូវចេះប្រើពាក្យពេចន៍ ឃ្លាប្រយោគ ងាយយល់ ងាយស្តាប់ ងាយយល់ស្រប តាមក្បួនវេយ្យាករណ៍ ។ គេអាចមានគំនិតច្រើន យោបល់ល្អ ប្រកបដោយខ្លឺងសារជ្រាលជ្រៅ ។ បើពុំដូច្នោះទេ ការអធិប្បាយពន្យល់នឹងឈានទៅរកភាពច្របូកច្របល់ មិនច្បាស់លាស់ គ្មានសណ្តាប់ធ្នាប់ គឺឃ្លាប្រយោគក៏ពុំបានរចនាឲ្យបានល្អ មតិ ឬគំនិតនោះ ក៏គ្មានតម្លៃដែរ ។ សិស្សមានបំណិនខាងបង្ហាញ បំណិនខាង បង្ហាញគំនិត យោបល់ ទស្សនៈរបស់ខ្លួនមានន័យថា មានបំណិនចេះស្រាយបញ្ហា ។

ខ. ចេះស្រាយបញ្ហា

គោលបំណងក្នុងការបង្រៀនតែងសេចក្តី គឺចង់ឲ្យសិស្សចេះបញ្ចេញមតិ គំនិត យោបល់ យល់ស្រប ឬមិនយល់ ស្របតាមប្រធាន ។ សិស្សេចេះដោះស្រាយបញ្ហាស្មុគស្មាញ ដែលចោទឡើងបានត្រឹមត្រូវសមហេតុផលស្របទៅនឹងការពិតចំពោះមុខ ។ ចំណុចសំខាន់ទាំង នេះគឺ ជាគុណប្រយោជន៍សម្រាប់មនុស្សគ្រប់រូប ព្រោះមនុស្សតែងតែជួបប្រទះបញ្ហាគ្រប់យ៉ាង ។ ដូច្នេះតែងសេចក្តី បានដឹកនាំឲ្យ មនុស្សចៀសផុតពីគុណវិបត្តដែលមានចំពោះមុខ ចេះរកហេតុផលបានសមស្រប គឺឲ្យយើងចេះពឹងផ្អែកទៅលើចំណេះដឹងទូទៅជាមូល ដ្ឋាន។

គ. ចំណេះដឹងទូទៅ

ការសេរសេតែងសេចក្តី ជាការបញ្ជាក់ពីសមត្ថភាពចំណេះដឺងទូទៅរបស់អ្នកសរសេរ ដែលអាចសរសេរស៊ីជម្រៅដល់កម្រិតណា ចេះវិភាគដល់កម្រិតណា ចេះវិភាពដល់កម្រិតណា ក្នុងការពិចារណា ដើម្បីរកអំណះអណាងយ៉ាងសមស្របនូវអ្វី ដែលគេបានសិក្សា និង បទពិសោធដែលទទួលបានកន្លងមក ។ លើសពីនេះទៀត វាក៏ជាការវាស់ស្ទង់ ឆ្លុះបញ្ចាំងពីស្នានោះ ដែលបញ្ចាប់ថា អ្នកសរសេរមាន ចំណេះដឹងផ្សេងៗ ដូចជា៖

  • ចំណេះដឹងលើផ្នែកវេយ្យាករណ៍ អក្សរសាស្ត្រជាតិ ភាសាជាតិ ចំណូលចិត្តក្នុងការអាន ការចងចាំអក្សរសិល្ប៍ ច្បាប់ទូន្មាន ផ្សេងៗ សុភាសិត និងបញ្ហាសង្គមទូទៅជាដើម
  • ចំណេះដឹងលើផ្នែកបច្ចេកទេស វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចុប្បន្នភាពសង្គម
  • ចំណេះដឹងលើផ្សេងៗ ភូមិវិទ្យា ប្រវត្តវិទ្យា បរិស្ថានវិទ្យា សីលសធម៍ ពលរដ្ឋវិជ្ជា
  • ចំណេះដឹងលើបទពិសោធន៍ក្នុងការរស់នៅប្រចាំថ្ងៃ សាសនា វប្បធម៌ ។

ឃ. ជួយពង្រឹងគនិតប្រាជ្ញា

ការធ្វើតែងសេចក្តី បានអភិវឌ្ឍគំនិតប្រាជ្ញាឲ្យចេះឆ្លើយ ឬបកស្រាយចំប្រធានដែលជាមធ្យបាយសម្រាប់សិក្សាធ្វើឲ្យគំនិតបា្រជ្ញារីក ដុះដាល ដោយការចេះគិតពិចារណា ចេះវិភាគវិនិច្ឆ័យ ចេះរិះគន់ឲ្យបានសមហេតុផល ដោយការសង្កេតពិនិត្យ សិក្សាស្រាវជ្រាវ ។ល។ ដូចនេះតែងសេចក្តី បានពង្រឹងពុទ្ធិអប់រំគ្រឿងវិញ្ញាណរបស់មនុស្សតាំងពីស្មារតី ឲ្យមានសមត្ថភាពវិភាគ និងបកស្រាយកាន់តែមាន ប្រសើរឡើង ។

ង. តែងសេចក្តី ជួយមុខវិជ្ជាឯទៀត

ការសិក្សាតែងសេចក្តី ការសិក្សាមុខវិជ្ជានានាទៀត មានភារៈជួយគ្នាទៅវិញទៅមក ដូចជាការរសិក្សាពីវិទ្យាសាស្ត្រ ប្រវត្តិវិទ្យា ភូមិវិទ្យា សុទ្ធតែតម្រូវឲ្យសិស្សសង្កេត ពិនិត្យ កត់ត្រាចំណាំ ពណ៌នា ពីវត្ថុ ទីកន្លែង មនុស្ស សត្វ ឬហេតុការក្នុងសង្គម ក្នុងធម្មជាតិ ។ លើសពីនេះ ទៀត សិស្សអាចទាញយកផលប្រយោជន៍មុខវិជ្ជាមួយទៅជួយមុខវិជ្ជាមួយទៀត ។

ច. តែងសេចក្តីផ្តល់ប្រយោជន៍ក្នុងការរស់នៅ

ការសិក្សាតែងសេចក្តីមិនមែនមានផលប្រយោជន៍តែក្នុងសាលាប៉ុណ្ណោះទេ តែវាបានផ្ដល់ដល់មនុស្សប្រចាំថ្ងៃផងដែរ ។ គេអាចយកទៅ ប្រើប្រាស់ក្នុងកិច្ចប្រជុំ ពិភាក្សា សន្និសិទ សន្និបាត ការឃោសនា សុន្ទរកថា សំបុត្រឆ្លើយឆ្លង ផ្សព្វផ្សាយជូនដំណឹង ឬលិខិតរដ្ឋបាលផ្សេងៗ ជាដើម ។ មិនតែប៉ុណ្ណោះតែងសេចក្តីមានប្រយោជន៍បំផុតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសគឺចេះដោះស្រាយបញ្ហាជម្លោះប្រកបដោយវិចារណញាណ ។

សរុបសេចក្តីមការសិក្សាពីតែងសេចក្តីពិតជាមានសារប្រយោជន៍ណាស់សម្រាប់អ្នកសិក្សា យកចំណេះដឹងដែលទទួលបានមកបកស្រាយ តាមបែបបទប្រកបដោយភាពប៉ិនប្រសព្វ និងឆ្នៃប្រឌិតខ្ពស់ធ្វើឲ្យអ្នកអានងាយយល់ពីខ្លឹមសារ និងទទួលបានប្រយោជន៍ពីអំណាន ។

Comments