តាមការសង្កេតជាក់ស្តែងនៅក្នុងសង្គមដែលយើងរស់នៅនេះយើងឃើញថា ប្រជាជនក្នុងគ្រួសារនីមួយៗមានកម្រិតជីវភាពខុសៗគ្នា អ្នកខ្លះមានជីវភាពធូរធារ និងមធ្យម ឯមួយចំនួនទៀតជាអ្នកខ្វះខាតទីទ័លក្រ ស្ទើរតែគ្មានលទ្ធភាពក្នុងការរស់រានមានជីវិត ។ ដោយមើលឃើញពីផលវិបាករបស់ជនក្រីក្របែបនេះហើយទើប ធ្វើឲ្យបុគ្គលទាំងឡាយដែលមានចិត្តសប្បុរសកើតមានឡើងនូវទឹកចិត្តអាណិតអាសូរ និងចង់រួមចំណែកជួយជ្រោមជ្រែងទុគ៌តជន ដែលត្រូវការជំនួយ ដើម្បីរំដោះនូវភាពខ្វះខាតមួយគ្រា ។
ជាការពិតណាស់ សង្គមយើងជាសង្គមកំពុងអភិវឌ្ឍ ដូច្នេះហើយទើបជីវភាពប្រជាជនមួយភាគធំនៅមានបញ្ហាខ្វះខាតមិនទាន់មានភាពពេលលេញបរិបូណ៌នៅឡើយ ។ វាជារឿងដ៏គួរឲ្យយកចិត្តទុកដាក់មួយនៅពេលដែលមានការកើនឡើងនូវទុរគតជនក្នុងសង្គម។ ទុរគ៌ភាពរបស់ជនភាគច្រើនបណ្តាលមកពីបញ្ហាខុសៗគ្នា ដូចជាដោយសារភាពអវិជ្ជាគ្មានគំនិត គ្មានចំណេះដឹងជំនាញជាប់និងប្រាណ ខ្លះទៀតខ្វះខាតដោយកត្តាជីវភាព គ្រួសារមានបន្ទុកធ្ងន់ធ្ងរខ្លាំងលើសពីសមត្ថភាពដែលអាច ទ្រទ្រង់ ឯមួយចំនួនតូចធ្លាក់ខ្លួនព្រោះវាសនាមិនល្អ នាំឲ្យជួប្រទះគ្រោះថ្នាក់ គ្រោះធម្មជាតិ អគ្គីភ័យឆាបឆេះ ដោយមិនបានត្រៀមទុកមុនទាល់តែសោះ ។ ដោយហេតុ ជីវិតគឺជាទំនាក់ទំនងគ្នានិងគ្នា ហើយសញ្ញាតិជាមនុស្សតែងមានទឹកចិត្តអាណិតមេត្តាដល់ ជីវិតរស់ដូចគ្នា នាំឲ្យជនសប្បុរសមានការបរិចា្ចកទំនុកបម្រុង ដល់អ្នកក្រ ដើម្បីឲ្យពួកគេអាចយកជាស្ពានតូចមួយសម្រាប់ចម្លងជីវិតបណ្តោះអាសន្ន។ ការធ្វើសកម្មភាពសប្បុរសធម៌គឺជាផលបុណ្យមួយដ៏ជ្រះថ្លា ក្នុងការក្លាយជាទីបង្អែកដល់អ្នកត្រូវការជំនួយពេលពួកគេបានជួបប្រទះ នូវស្ថានភាពជីវិត។ អំពើសប្បុរសគឺជាការស្រោចស្រង់ជីវិត និងជួយសម្រួលជីវិតដែលគ្នានសង្ឃឹមឲ្យមានរស្មីឡើងវិញ ។
ទិដ្ឋភាពទូទៅនៃសប្បុរសធម៌រួមមានការចែករំលែកទាន ដែលជារបស់ក្រៅខ្លួនដូចជាសម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ ប្រាក់កាសសម្រាប់ផ្គត់ផ្គង់ជីវភាព និងការហូបចុក។ លើសពីនេះទៀតសប្បុរសធម៌រាប់បញ្ចូលទាំងការបរិច្ចាគយោបល់ ផ្តល់គំនិត បង្រៀនអប់រំប្រាប់ពីវិធីសាស្ត្រ ឬបទពិសោធន៍ដែលអាចឲ្យទុរគ៌តជនក្រេបទុកជាត្រីវិស័យក្នុងការដឹកនាំតម្រង់ផ្លូវជីវិតខ្លួនឲ្យប្រសើរឡើង លើសពីនេះការចែករំលែកគំនិត ជាទុនសំខាន់សម្រាប់ឲ្យអ្នកទីទ័លក្រមានសតិបញ្ញាប្រកបរបរធ្វើការចិញ្ចិមជីវិតដោយខ្លួនឯង។
សប្បុរសធម៌គ្មានការរើសអើងនោះទេ វាការអត់ឲនអធ្យាស្រ័យជួយសង្គ្រោះ នាំមកនូវភាពត្រជាក់ត្រជុំ រស់នៅចុះសម្រុងហើយបានបំពេញនូវការខ្វះខាតដល់គ្នាទៅវិញទៅមក ថែមទាំងជាគម្រូលើកទឹកចិត្តសម្រាប់ឲ្យមនុស្សបន្តរស់នៅ ហើយការជួយសង្រោះនាំឲ្យមានសាមគ្គីជានិច្ច។ សប្បុរសធម៌ជាធម៌មួយដែលដឹកនាំជីវិតមនុស្សគ្រប់រូបឲ្យមានសេចក្តីសុខ ហើយការរស់នៅពិតណាស់យើងត្រូវការអាស្រ័យគ្នាទៅវិញទៅមក មិនថាអ្នកមាន ឬអ្នកក្រ ដូចពាក្យសុភាសិតបុរាណមួយពោលថា ៉ អ្នកមានរក្សាក្សត់ដូចសម្ពត់ព័តពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំប៉ាន ៉ ។

