ព្រះ​សទ្ធម្ម​ចែក​ជា ៣ ប្រភេទ​គឺ

P
pin-hing

ព្រះ​សទ្ធម្ម​ចែក​ជា ៣ ប្រភេទ​គឺ
១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះ​ត្រៃ​បិដក​សំដែង​អំពី​គោល​ធម៌ របៀប​បែប​ផែន ដំបូន្មាន ច្បាប់​សម្រាប់​ប្រតិបត្តិ​ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​រៀន​ស្វាធ្យាយ ទ្រទ្រង់ បង្ហាត់​បង្រៀន សំដែង​ប្រាប់​ដល់​អ្នក​ដទៃ។
២- បដិបត្តិធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​ បាន​ដល់​សីល សមាធិ បញ្ញា ឬ​សេចក្ដី​ប្រតិបត្តិ​តាម​ធ្វើ​តាមកា​ន់តាម នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ដែល​ខ្លួន​បាន​រៀន បាន​ស្ដាប់ បាន​ចេះ​ដឹង ដើម្បី​ឲ្យ​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​ដល់ ឲ្យ​សំរេច​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​សំរេច ដើម្បី​ឲ្យ​ជាក់​ច្បាស់ ។
៣- បដិវេធ​ធម៌ ការ​ត្រាស់​ដឹង បាន​ដល់​កិរិយា​បាន​សំរេច បាន​ជាក់​ច្បាស់​ចាក់​ធ្លុះ​នូវ​បរមត្ថៈ ​គឺ​មគ្គ ផល និព្វាន ដែល​ជា​ផល​សំរេច​អំពី​ការ​រៀន​ស្ដាប់​ចេះ​ដឹង នឹង​ប្រតិបត្តិ​នោះ ។
វេនេយ្យ​សត្វ​ដូច​អ្នក​ដំណើរ ព្រះ​សម្មាសម្ពុទ្ធ​ដូច​អ្នក​ស្គាល់​ផ្លូវ បង្ហាញ​ផ្លូវ​ត្រង់ បរិយត្តិធម៌​ដូច​ជា​ផ្លូវ​ត្រង់ បដិបត្តិធម៌​ដូច​ជា​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រង់​នៃ​អ្នក​ដំណើរ បដិវេធ​ធម៌​ដូច​ជា​ដំណើរ​ទៅ​ដល់​កន្លែង​ដែល​ត្រូវ​ទៅ​ឲ្យ​ដល់​នៃ​អ្នក​ដំណើរ ។
ព្រះ​សទ្ធម្ម​ទាំង​ ៣ ប្រភេទ​នេះ បណ្ឌិត​គប្បី​លើក​យក​អរិយមគ្គ​មាន​អង្គ ៨ មក​ពិនិត្យ​ឲ្យ​យល់​ច្បាស់​ថា :
ការ​រៀន​ចេះ​ចាំ​បង្រៀន​សំដែង​នូវ​មគ្គ នោះ​ជា​បរិយត្តិ ការ​​ប្រឹង​ប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​អង្គ​មគ្គ នោះ​​ជា​បដិបត្តិ ការ​បាន​សំរេច​នូវ​អង្គ​មគ្គ នោះ​ជា​បដិវេធៈ ។

Comments