១- ប្រយោជន៍បច្ចុប្បន្នឬប្រយោជន៍លោកិយធម៌ ៖ ឲ្យស្គាល់រសជាតិប្រភេទថ្មីរបស់ជីវិត ឲ្យមានការផ្លាស់ប្តូរពីទុក្ខលំបាកវេទនាមកជាសេចក្តីសុខ ឲ្យមានភាពរីករាយយ៉ាងសុខសាន្ត ឲ្យរឹងមាំតាមផ្លូវចិត្ត ផ្តល់សេរីភាពឲ្យជីវិតយ៉ាងល្អប្រសើរ(ផុតពីនឹមតណ្ហា)ពីដើមហត់នឿយនឹងសែនព្រេន ហត់នឿយនឹងស្វែងរកគ្រូហ្មពូកែៗ ដើរថ្វាយបង្គំគោ ថ្វាយបង្គំមាន់ស្ងោរ ទាខ្វៃ ជ្រូកខ្វៃជាដើម ប្រែការរស់នៅឲ្យមានខ្លួនជាទីពឹង មានក្តីសង្ឃឹមចំពោះផលបុណ្យរបស់ខ្លួន កំចាត់ចោលការខ្វាយខ្វល់ ការព្រួយបារម្ភ ការភ័យខ្លាច កំចាត់ភាពច្របូកច្របល់ក្នុងការរស់នៅ ការតានតឹងចិត្តនិងទុក្ខវិបត្តិផ្សេងៗបានយ៉ាងស័ក្តសិទ្ធ ។
២- ប្រយោជន៍លោកុត្តរធម៌ៈ ចិត្តបានរួចរំដោះពីទុក្ខសោកយ៉ាងពេញបរិបូរណ៍ ។ អ្នកចេះដឹងបែបស្ទើរៗទេ ដែលច្រើនតែគិតលំអៀងមកលើពុទ្ធសាសនា អ្នកចេះដឹងបែបជ្រៅជ្រះខាងបស្ចឹមប្រទេសបានបែរមកគោរពរាប់អានពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ហើយបុគ្គលដែលមានជំនឿស៊ប់សួនមកលើពុទ្ធសាសនាគេមិនងាយនឹងមានវិបត្តិផ្លូវចិត្តឡើយ ព្រោះពុទ្ធសាសនាគឺដឹកនាំសិក្សាពិសោធទៅលើការប្រើគំនិតឲ្យបានល្អនេះឯង ! ។ និកាយព្រះគ្រីស្តជាច្រើនបានពោលថា អរគុណពុទ្ធសាសនា ! ដែលបានធ្វើឲ្យគេក្លាយជាគ្រីស្តបរិស័ទដ៏ល្អម្នាក់ ! ។

