អរិយសច្ចៈ៤ដែលបង្រៀនដោយព្រះពុទ្ធមិនមែនជាមេរៀនជឿឬត្រូវទន្ទេញ តែជាការបើកចំហរទៅរកការសញ្ជឹងគិត ដើម្បីឲ្យមានការឆ្លើយតបជាមួយជីវិតក្នុងភាពត្រឹមត្រូវនិងសមស្រប ។ ការយល់ដឹងពេញលេញពីទុក្ខសោក និងការឈឺចាប់ គឺដើម្បីលះបង់ហេតុរបស់វា រួចហើយបង្កើតផ្លូវដឹកនាំជីវិតដោយខ្លួនឯង ។ បុគ្គលដែលមានសេចក្តីថ្លៃថ្នូរខាងផ្លូវចិត្ត មានបញ្ញាជ្រៅអាចស្វែងរកឃើញភាពអស្ចារ្យដើម្បីបញ្ឈប់រាល់ទុក្ខសោកក្នុងជីវិតបាន « និព្វាន » ។ ថ្ងៃណាមានភាពរីករាយ គឺថ្ងៃនោះហើយដែលជីវិតបានទទួលភាពល្អឥតខ្ចោះ សំណាងធំបែបនេះកើតឡើងបានចំពោះតែអ្នកមាន សីល សមាធិ បញ្ញា តែប៉ុណ្ណោះ ។
សាសនាដែលគោរពអាទិទេព ឋាមពលរបស់មនុស្សគឺនៅលើអាទិទេពផ្តល់ឲ្យ គាត់ទាមទារតែម៉្យាងគឺភាពស្មោះត្រង់ចំពោះគាត់ ចំណែកពុទ្ធសាសនាផ្តល់ឋាមពលឲ្យមនុស្សតាមរយៈការយល់ដឹងនិងការពិសោធដោយខ្លួនឯងផ្ទាល់។

