មុទិតាចិត្ត ប្រែថាចិត្តត្រេកអរតាម

P
pin-hing

មុទិតាចិត្ត ប្រែថាចិត្តត្រេកអរតាម ជាខទីបីនៃព្រហ្មវិហារធម៌។ បើឃើញគេមានអ្វី យើងត្រូវត្រេកអរ ឲ្យដូចជាខ្លួនមានដែរ ធ្វើដូច្នេះគឺយើងកំពុងតែស្រូបទាញវត្ថុនោះឲ្យមកកាន់វិថីជីវិតយើងដែរ ផ្ទុយទៅវិញបើយើងបង្កើតប្រតិកម្មចិត្ត ដោយការស្អប់ខ្ពើមឬក៏ច្រណែន មានន័យថាយើងបានរុញច្រានវត្ថុនោះ ឲ្យចេញឆ្ងាយពីវិថីជីវិតយើងហើយ។ហេតុនេះបើយើងមិនពេញចិត្ត ក៏ដើរចេញទៅ កុំបង្កើតប្រតិកម្មចិត្តឲ្យសោះ នាំតែឈឺក្បាលឥតប្រយោជន៍ហើយខាតលាភខ្លួនឯងទៀតផង ។
ចិត្តគឺជាឧបករណ៍មានឋាមពលដ៏វិសេសវិសាល ដែលយើងអាចប្រើវាបានជាប្រយោជន៍ច្រើនយ៉ាង តែមុនតំបូងត្រូវគ្រប់គ្រងវាឲ្យបានជាមុនសិន ជំនួសឲ្យការបណ្តែតបណ្តោយចិត្ត។ពេលគ្រប់គ្រងវាបានហើយ យើងនឹងឃើញថាមានអ្វីបានកើតឡើងនៅក្នុងជីវិតជាមិនខាន តើនោះគឺជាអ្វីទៅ? បើអ្នកថាឈប់គិត វានឹងឈប់ភ្លាម បើអ្នកថាមិនទៅ វាក៏លែងទៅ បើអ្នកថាត្រូវតែទៅ នោះក៏គ្មានអ្វីអាចរារាំងអ្នកបានឡើយ។ពេលចិត្តសុភាពរាបសាររម្យទុំហើយ សេចក្តីសុខដូចជាភ្នំថ្មតាន់ បានកើតឡើងនៅក្នុងខ្លួន ព្រោះយើងបានក្លាយជាមនុស្សដែលចេះដេក ចេះសីុ ចេះមើល ចេះស្តាប់ ចេះគិត ចេះញញឹម ចេះស្រក់ទឹកភ្នែក បានត្រឹមត្រូវមិនដូចជាកាលមុនឡើយ ។សូមហ្វឹកហាត់គ្រប់គ្រងចិត្តឲ្យបានល្អ ព្រះពោធិសត្វលោកមានអាយុត្រឹមតែ២៩ឆ្នាំ លោកខ្ពើមឆ្អើមកាមទៅហើយ អាយុ៣៥ឆ្នាំក៏ឈ្នះចិត្តអាក្រក់ជាស្ថាពរ ចំណែកយើងអាយុហា ហុក ចិត ក្បាលទំពែកអស់សក់ទៅហើយ នៅរកតែសីលក្នុងខ្លួនក៏គ្មាន ! គួរឲ្យសង្វេគណាស់ ! ។

Comments