មនុស្សធម្មតាជៀសមិនផុតពីធ្វើជាទាសករ នៃចំណង់តណ្ហា ការស្អប់ខ្ពើម និង សេចក្តីអំនួតក្អេងក្អាង មនុស្សភ្ញាក់រលឹក តែងពឹង សីល សមាធិ និង បញ្ញា ដើម្បីរំដោះខ្លួនឲ្យមានសេរីភាព រួចផុតពីទាសភាពនៃលោកធម្មជាតិ ! ។សីលគឺជាវិន័យ ជាខបញ្ញត្តិដើម្បីរារាំងអំពើបាប សមាធិ - វិបស្សនា(ឬបញ្ញា) ជាការពិចារណាពីធម្មជាតិរបស់ទុក្ខជាខាងក្នុងនិងខាងក្រៅ ចំណង់តណ្ហាជាធម្មជាតិនៃចិត្តដែលមិនចេះឆ្អែត បើវាមិនចេះឆ្អែតដដែលទេ គឺមានតែឈប់(ឈប់តាមបច្ចេកទេស) ទើបវាឆ្អែត វាចប់ ។ ការស្អប់ខ្ពើម ជាការធ្វើខ្លួនឲ្យលំបាក ព្រោះតែការមានះប្រកាន់របស់ខ្លួន (ខ្លួនជារបស់ស្អុយ របស់ប្រែប្រួលសោះ បែរជាយល់ឃើញថាខ្លួនល្អគ្រាន់បើប្រសើរជាងគេទៅវិញ) អំនួតក្អេងក្អាង គឺជាការវង្វេងចិត្តគិតខុស ធ្វើដូចជាខ្លួនគឺជាមនុស្សមិនចេះស្លាប់ ! ។ការរស់នៅដែលឥតសីល សមាធិ វិបស្សនា គឺជាការធ្វើជីវិតឲ្យលំបាកឃ្លេងឃ្លោង គ្មានតុល្យភាពឡើយ ! ។ ជីវិតកើតមកមិនមែនដើម្បីលុយតែម៉្យាងនោះទេ តែគឺដើម្បីសេចក្តីស្រឡាញ់ ដើម្បីការរស់នៅជួបជុំផងដែរ។សូមកុំយកលុយមកឡូកឡំជាមួយរឿងមនោសញ្ចេតនាឲ្យសោះ ព្រោះលុយវានៅទីណា តែងតែបំផ្លាញមនសិការៈរបស់មនុស្សជានិច្ច ។ ការស្អប់ខ្ពើមអំពើអាក្រក់ នាំឲ្យកើតការសំរួមប្រុងស្មារតីមិនប្រព្រឹត្តិខុស ការសំរួមស្មារតីនាំឲ្យកើតសីល សីលនាំឲ្យកើតសមាធិ សមាធិនាំឲ្យកើតយថាភូតញាណទស្សនៈ (ការមើលឃើញដំណើរជីវិតតាមសេចក្តីពិត) យថាភូតញាណទស្សនៈនាំឲ្យកើតនិព្វិទាវិរាគៈ(សេចក្តីនឿយណាយនិងរាគៈតំរេកតណ្ហា) និព្វិទាវិរាគៈ នាំឲ្យកើតវិមុត្តិ (ការួចផុតពីការប្រកាន់មាំ) វិមុត្តិគឺជាធម៌ទីបំផុតនៃកិច្ចប្រតិបត្តិ ការអស់កិច្ច អស់ការសិក្សាក្នុងព្រះសាសនានេះហើយ ។

