ស្រ្តីភាគច្រើនគឺសុទ្ធសឹងតែធ្លាប់ទទួលរងនូវសម្ពាធនៃផ្នត់គំនិតទាំងអស់នេះ៖
"ខ្លួនជាស្រីទេទៅខំប្រឹងរៀនធ្វើអី ខំប្រឹងធ្វើការធ្វើអី បើគង់តែរៀបការហើយប្តីចិញ្ចឹមដដែលនឹង ។ ខ្លួនជាស្រីសោះចាំបាច់រៀនឲ្យបានខ្ពង់ខ្ពស់អីពេក គង់តែរៀបការហើយនៅផ្ទះមើលកូនដដែល រៀនច្រើនខាតតែលុយខាត់តែពេលទេ នៅផ្ទះទៅ រៀនរៀបចំទុកដាក់ផ្ទះសម្បែងឲ្យតែស្អាតបាតទៅល្អពេកហើយ"។ ប៉ុន្តែសូមកុំឲ្យពាក្យទាំងអស់នេះក្លាយទៅជាឧបសគ្គដែលមិនអាចឲ្យខ្លួនឯងរីកចម្រើននិងរឹងមាំបានឡើយ។
ចូរធ្វើជាស្ត្រីដែលគ្មានភាពភ័យខ្លាច ។ បើអ្នកមានទឹកចិត្តក្លៀវក្លាចំពោះអ្វីមួយ ចូរកុំរារែកក្នុងការដេញតាមវាឲ្យសោះ។ អ្នកជាស្ត្រីម្នាក់ដែលប្រកបដោយសក្តានុពលនិងថាមពល។ គ្រាន់តែពេលខ្លះ អ្នកហាក់វង្វេងមិនទាន់ស្គាល់ច្បាស់ពីខ្លួនឯង ។ អ្នកហាក់ដូចជាហត់នឿយហើយត្រូវការកម្លាំងចិត្តបន្ថែមទៀតដើម្បីជម្រុញអ្នកទៅរកក្តីស្រមៃទាំងនោះ ។ អ្នកត្រូវការ នូវការលើកទឹកចិត្តនិងការគាំទ្របន្ថែមទៀតពីមនុស្សជុំវិញខ្លួន។
ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះ យើងខ្ញុំសង្ឈឹមថាសៀវភៅទាំងអស់នេះអាចជួយលើកទឹកចិត្ត និង ជាកម្លាំងជម្រុញចិត្តសម្រាប់អ្នកបាន ។

