វិធីដោះលែងក្តីទុក្ខៈ

P
pin-hing

ទុក្ខគឺជារបស់ធម្មជាតិទេ តែក្តីមានះរបស់យើងចេះតែចាប់ប្រកាន់លើកវាយកមកដាក់ក្នុងខ្លួន ថាខ្លួនមានទុក្ខតែម្នាក់ឯង ។តាមពិតទុក្ខគឺសាធារណៈដល់មនុស្សសត្វទូទៅក្នុងលោក មិនមែនមានតែយើងម្នាក់ឯងទេ!ការគិតឃើញថាទុក្ខគឺជារបស់យើងតែម្នាក់ វាអាត្មានិយមណាស់ ! ។ ឥឡូវយើងហាត់ដោះលែងទុក្ខចេញពីក្នុងខ្លួនម្តងវិញ !គឺជាការប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃប្រកបដោយសតិ ចងចិត្តឲ្យជាប់នៅក្នុងខ្លួន កុំឲ្យចិត្តត្រាច់រង្គាត់ទៅខាងក្រៅ ហៅថាសម្មាវាយាមៈ(សេចក្តីព្យាយាមត្រូវ)ព្យាយាមច្រានចោលគំនិតអវិជ្ជមាន ហើយបង្កើត គំនិតវិជ្ជមាន រំដោះចិត្តពីអតីតកាលនិងអនាគត ដោយការតាមពិនិត្យខ្យល់ដង្ហើមឬតាមកំណត់ដឹងក្នុងឥរិយាបថទាំង៤ តាមពិនិត្យការលើកដាក់របស់ជំហាន សតិដឹងក្នុងជំហាន(លើកជើងដឹង ដាក់ជើងដឹង អង្គុយដឹង ដេកដើរឈរដឹង) ហៅថាឥរិយាបថសម្បជ្ជញ្ញៈ ពេលនោះចិត្តនឹងមានសេរីភាពរួចផុតពីការគិត ! សូមសាកល្បងធ្វើអ្នកនឹងរួចចាកទុក្ខជាមិនខាន ។
របៀបដើរប្រកបដោយសតិៈ
កុំភ្លេចថា លើលោកនេះគ្មានអ្វីរពឹសស្មើចិត្តនេះឡើយ ! ហើយបើយើងមិនប្រដៅវាទេ វាផ្តល់តែការឈឺចាប់ឲ្យដល់យើងតែប៉ុណ្ណោះ ! ខ្សែគឺសតិ ដែលតាមដឹងតាមឃ្វាលតាមរវាំងចិត្តកុំឲ្យវាត្រាច់ចរចោលខ្លួន។គ្រោះថ្នាក់កើតឡើងច្រើនណាស់ ដោយសារតែការបណ្តែតអារម្មណ៍ រាយមាយចិត្ត។គ្រប់ជំហានដែលយើងដើរ ជើងរបស់យើងប៉ះផែនដីដូចជាគេបោះត្រា ត្រូវបញ្ជូនចិត្តមកទទួលដឹងត្រង់កន្លែងប៉ះដី គឺជាការដើរតាមរបៀបនៃសតិ ការដើររបៀបនេះធ្វើឲ្យចិត្តយើងរីករាយនិងមានសេចក្តីសុខខ្លាំងណាស់ ព្រោះមិនមែនជាការដើរក្តៅក្រហាយ ដើរដូចអត់ព្រលឹងក្នុងខ្លួន រូបដើរតែចិត្តហោះទៅចោលរូបបាត់នោះទេ។ ដើរប្រកបដោយសតិ គឺជាការដើរដោយសេរីភាពក្នុងបច្ចុប្បន្ន រីករាយគ្រប់ជំហាន។

Comments