រឿងនិទានមួយកាលនៅឆ្នាំ ១៣៧២ ឧបាសិកាចាស់ម្នាក់ ឈ្មោះដូនពេញបានធ្វើដំណើរទៅដល់មាត់ទឹកនៃទន្លេមេគង្គ ហើយបានឃើញដើមគគីរងាប់មួយយ៉ាងធំកំពុងអណ្ដែតចុះទៅតាមខ្សែទឹក។ នៅខាងក្នុងប្រហោងនៃដើមគគរីនោះមានរូបចម្លាក់សំឫទ្ធិបួន និង បដិមាព្រះពុទ្ធធ្វើពីថ្មមួយ។
ដូនពេញបាននាំរូបបដិមាទាំងនោះឡើងលើគោក ហើយបាននាំប្រជាជនដើម្បីពូនដីនៅភាគអាគ្នេយ៍នៃផ្ទះរបស់គាត់។ ក្រោយមកគាត់ក៏បានយកដើមគគីរនោះទៅសាងជាព្រះវិហារនៅលើភ្នំនោះដើម្បីតំកល់ព្រះបដិមាព្រះពុទ្ធរូបទាំងប្រាំអង្គនោះ ហើយក្រោយមកវត្តនោះក៏ដាក់ឈ្មោះតាមគាត់ថា វត្តភ្នំដូនពេញ ដែលបច្ចុប្បន្នកាលនេះគេស្គាល់ថាវត្តភ្នំ នេះឯង ដែលជាកូនភ្នំតូចមួយដែលមានកំពស់ 27 metres (89 ft)។ ក្រោយមកស្ដេចពញាយ៉ាត ដោយទ្រង់ទតឃើញនូវសេចក្ដីជ្រះថ្លារបស់ដូនពេញចំពោះព្រះពុទ្ធសាសនាដូច្នេះហើយ ទើបទ្រង់ក៏បានតាំងឈ្មោះខេត្តនេះសាជាថ្មីថា ភ្នំពេញ ដែលមុនទីត្រង់ភ្នំពេញសព្វថ្ងៃនេះ គេហៅថា ខេត្តកោះឫស្សីកែវ ដែលបច្ចុប្បន្នមានខណ្ឌមួយឈ្មោះថា ខណ្ឌឫស្សីកែវ និង ខណ្ឌមួយទៀតឈ្មោះថា ខណ្ឌដូនពេញ ដែលដូនពេញនេះយកតាមឈ្មោះរបស់ដូនពេញ។
តែបើគិតតាមភូមិសាស្ត្រ និងឈ្មោះគួរតែគេយកឈ្មោះតាមការចាក់ដីបំពេញបង្កើតជាភ្នំព្រោះវាជាភ្នំដី ដូច្នេះប្រហែលជាដំបូងឈ្មោះ ភ្នំបំពេញ រួចក្លាយជា ភ្នំពេញ។


