គរុកោសល្យវិទ្យាសាស្ត្រក្នុងការបង្រៀន គឺមាន ការរៀនទ្រឹស្តី ការធ្វើពិសោធទៅលើទ្រឹស្តី និងការអះអាងលើការចេះដឹងរបស់ខ្លួន ( Thesis ) ព្រះពុទ្ធសាសនាក៏ដូចគ្នា គឺមានការសិក្សាទ្រឹស្តី(បរិយត្តិសទ្ធម្ម) ការពិសោធប្រតិបត្តិទៅលើទ្រឹស្តី(បដិបត្តិសទ្ធម្ម)និងការបានសម្រេចលើការចេះដឹងរបស់ខ្លួន(បដិវេធសទ្ធម្ម)។គោលការណ៍សិក្សាលើទ្រឺស្តីមាន ការសិក្សាឲ្យបានត្រឹមត្រូវ ពីសីល សមាធិ វិបស្សនា រួចហើយអ្នកសិក្សាចាប់ផ្តើមពិសោធ ទៅលើទ្រឹស្តី ក៏ប៉ុន្តែ មកដល់ត្រង់នេះ គឺពិតជាជាប់ទាក់ទងនឹងការបានសាងសន្សំឧប្បនិស្ស័យពីជាតិមុនមកពិតមែន មានន័យថា ឥន្ទ្រិយ៥ (សទ្ធា វីរយៈ សតិ សមាធិ បញ្ញា)មានកម្លាំងមិនដូចគ្នា មានការសន្សំមកមិនដូចគ្នា នាំឲ្យមានការបានសម្រេចមិនដូចគ្នា ខ្លះត្រាស់ដឹងឆាប់មិនលំបាក ខ្លះត្រាស់ដឹងយូរហើយលំបាក(បដិបទា៤) ជាដើម ។ យ៉ាងណាក៏ដោយចុះ ម្នាក់ៗត្រូវដឹងខ្លួនថាក្រោយពីការបានប្រតិបត្តិ តើខ្លួនបានស្រាលកំហឹង ស្រាលមានះប្រកាន់ ស្រាលច្រណែននិន្ទា លែងដើរជឿផ្តេសផ្តាស ជឿគ្មានហេតុផល លែងសន្ទិះសង្ស័យពីកិច្ចប្រតិបត្តិហើយនៅ? បើនៅតែក្រាស់មិនស្តើងសោះ ត្រូវដូរការសេពគប់ ដូរការប្រតិបត្តិភ្លាម។ អ្នកខ្លះតែងច្រឡំថា ខ្លួនបានស្រាលហើយ តែពេលត្រូវគេនិយាយលើប៉ះមិនបាន តាមវាយប្រហារតបតវិញជាបន្ទាន់ ច្រឡំថាខ្លួនរឹងមាំទាំងមិនដែលបានឆ្លងកាត់បញ្ហាធំដុំក្នុងជីវិតផង ។

