តំណាក់កាលផ្សេងៗរបស់សមាធិ !
សមាធិគឺជាការប្តូរវិមាត្រចិត្ត ពីវិមាត្រមួយទៅវិមាត្រមួយដែលកាន់តែធំឡើងៗ ហេតុនេះនៅពេលចិត្តស្ងប់ត្រៀមនឹងឡើងចូលវិមាត្រថ្មីមួយទៀត វាត្រូវស្រូបឲ្យជួបបញ្ហាមួយឬជម្លោះមួយមកឲ្យដោះស្រាយ ដើម្បីឲ្យគេចេះពិនិត្យមើលខ្លួនឯងថា តើចិត្តគេមានការអត់ធន់បានល្អប៉ុណ្ណាជាមួយបញ្ហា ហើយដោះស្រាយបានល្អយ៉ាងណា តើសតិនិងបញ្ញារបស់គេទល់ទាន់សភាវៈទាំងនោះឬទេ ? កំហឹងក្រោធស្ងប់បានប៉ុណ្ណា ? ឆ្លងកាត់បញ្ហាទាំងនោះទើបគេអាចអភិវឌ្ឍចិត្តឲ្យកាន់តែល្អប្រសើរឡើងបាន ។ ហេតុនេះកុំចាំបាច់ឆ្ងល់ថា ចិត្តកំពុងតែសុខស្ងប់ស្រួលៗ ស្រាប់តែចេះតែមានបញ្ហាលេចឡើងមកឲ្យដោះស្រាយ តើវាមកពីហេតុអី ? គឺមកពីបាតុភូតប្តូរវិមាត្រចិត្តនេះឯង សិក្សាពីវាឲ្យបានល្អទៅ ! ធម្មជាតិចេះតែជួយបង្រៀនមេរៀនថ្មីៗដល់គេ រហូតគេក្លាយជាមនុស្សរឹងមាំដែលលោកធម៌៨ ពាល់លែងត្រូវឬលែងរង្គើ នឹងនឿយណាយចាកលោកនេះជាស្ថាពរ។

