ជីវិតយើងនឹងបង្កើតជាជីវិតបន្តៗទៀត

P
pin-hing

ជីវិតយើងនឹងបង្កើតជាជីវិតបន្តៗទៀត បើអំពើល្អផ្តល់ក្តីសុខ អំពើអាក្រក់ផ្តល់ក្តីទុក្ខ តើយើងគួរធ្វើអំពើល្អឬធ្វើអំពើអាក្រក់ ? រាល់ការមើលឃើញ និង ការស្តាប់ឮ ត្រូវមានស្មារតីភ្ញាក់រលឹកជានិច្ច ដើម្បីប្រុងប្រយ័ត្នថា តើត្រូវគិតអី មានអារម្មណ៍ដូចម្តេច ប្រើបទពិសោធយ៉ាងណាដើម្បីឲ្យបានត្រឹមត្រូវ ? ខ្ញុំតាមរំលឹកខ្ញុំ ដើម្បីឲ្យមានចិត្តឋិតនៅក្នុងខ្លួន ចូរមានស្មារតីជាប់ជានិច្ច ! ។ គុកនិងសោរ គឺចោរជាអ្នកបង្កើត ជីវិតរបស់មនុស្សគឺពោរពេញទៅដោយរឿងដែលគ្រប់គ្រងបាន និងគ្រប់គ្រងមិនបាន អ្នកដែលរស់នៅគ្មានក្តីសុខ គឺអ្នកដែល ព្យាយាមគ្រប់គ្រងរឿងដែលមិនអាចគ្រប់គ្រងបាន ។ យើងព្រលែងវាចោល មិនមែនយើងមិនស្រឡាញ់វានោះទេ តែយើងមិនអាចថែទាំវាបានតែប៉ុណ្ណោះ ! ។ កាយនេះបរិភោគក៏ស្លាប់ មិនបរិភោគក៏ស្លាប់ តើការរស់នៅមានប្រយោជន៍អ្វី បើមិនបានធ្វើអំពើល្អទេនោះ ?ថែទាំកាយដើម្បីចំរើនបញ្ញាស្មារតី ទុកបំពេញសេចក្តីល្អតែម៉្យាងគត់ ! ។ បើអ្នកចូលមិនដល់ការអប់រំផ្លូវចិត្តទេ អ្នកអាចមានកិរិយាល្អវាចាទន់ភ្លន់ ផ្អែមល្ហែម ប៉ុន្តែនៅក្នុងជំរៅចិត្តរបស់អ្នក អាចនៅមានបង្កប់ដោយចិត្តអាក្រក់កំណាចឃោរឃៅ មានមិនតិចទេ ហើយអ្នកគាំទ្រការពារវាទៀតផង ពេលខ្លះអ្នកអាចដើរអួតអាងពីអំពើល្អរបស់ខ្លួនឯងផងក៏មាន ! ។ ព្រះធម៌គឺជាម្លប់ដ៏ត្រជាក់ អ្នកដំណើរហាលក្តៅមិនចូលជ្រក មិនមែនជាទោសរបស់ម្លប់ឡើយ យ៉ាងណាមិញ ឧបាយដោះទុក្ខចេញពីចិត្តព្រះមានអនន្តគុណលោកបានពន្យល់ហើយ បើយើងមិនធ្វើតាម មិនមែនជាទោសរបស់ធម៌ឡើយ។ឃើញម្លប់ហើយ បើប្រើគេឲ្យជ្រក ខ្លួនឯងមិនជ្រក មិនជាឋានះក្នុងការបានស្គាល់ភាពត្រជាក់ឡើយ។ឪសថមានហើយ បើអ្នកជំងឺមិនព្រមលេប ដេកស្រែកចុកពឺត តទៅទៀតទៅ កុំមកបន្ទោសពេទ្យថាមិនបានជួយ!។កុំសង្ឃឹមថាពឹងបច្ចេកវិទ្យាទាំងស្រុង អ្នកបានរួចផុតទុក្ខទោសពីក្នុងចិត្តឲ្យសោះ សាកមើលចុះ ! បើគ្មានធម៌គ្រប់គ្រងចិត្តអ្នកទេ អ្នកមិនខុសពីគង្វាលគោ នៅកណ្តាលវាលស្រែគ្មានជំរក ក្រោមព្យុះភ្លៀងផ្គរនិង រន្ទះ ចិត្តល្ហល្ហេវគ្មានទីពឹង អ្នកនឹងត្រូវស្លាប់ព្រោះតែការភ័យខ្លាចលោកនេះជាមិនខាន ! ។

Comments