ការសាងអំណាចចិត្ត
អំណាចឋាមពលចិត្តបានកើតឡើង នៅពេលអ្នកបានស្គាល់ខ្លួនឯងច្បាស់ ! ស្គាល់ខ្លួនឯង គឺស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយ « អភិវឌ្ឍចំណុចខ្លាំង កែលំអចំណុចខ្សោយ » ពង្រីកចិត្តមេត្តាករុណា ស្គាល់ហេតុផលរបស់ជីវិត ទីបំផុតបានរកឃើញថា លោកនេះមិនមានអ្វីត្រូវគិតខ្វល់ឡើយ ! ។ ចិត្តស្ងប់ ជាចិត្តដែលលោកធម៌៨មិនអាចពាល់ត្រូវបាន មិនរង្គើដោយការសរសើរ ការនិន្ទា សុខទុក្ខ បានលាភ បាត់លាភ បានយស បាត់យស ទើបចិត្តស្ងប់នោះឯង ជាប្រភពឋាមពលចិត្តដ៏ពិតប្រាកដ ។
រាល់ពេលដែលអ្នកមានការសម្រេចចិត្ត បាច់ឋាមពលចាប់ផ្តើមបង្កើតរូបរាង ដើម្បីត្រៀមខ្លួនធ្វើការបំរើអ្នកភ្លាមដែរ អ្វីដែលសំខាន់គឺ អ្នកខ្លះគិតហើយ ត្រូវសេចក្តីភ័យខ្លាចគ្របសង្កត់វិញ នាំឲ្យរលកឋាមពលឈប់ធ្វើការ អ្នកមានចិត្តស្ងប់ គិតផ្តោតរួចហើយចាប់ផ្តើមធ្វើការយ៉ាងមឺុងម៉ាត់ម៉ត់ចត់ រលកឋាមពលចិត្តបានគួចស្រូបទាញយកអ្វីៗដែលគេត្រូវការឲ្យមកក្បែរគេយ៉ាងរលូន ភាពរលូននេះសាងបានជាលទ្ធផលសឹងមិនគួរឲ្យជឿ ។ ជីវិតដែលត្រូវការភាពរីកលូតលាស់ វាត្រូវដុះក្នុងទីក្រខ្វក់និងភាពងងឹតជាមុនសិន រួចហើយទើបវាតស៊ូទៅរកពន្លឺជាក្រោយ ! យ៉ាងណាមិញ មនុស្សជោគជ័យទាំងអស់ សុទ្ធតែបានឆ្លងកាត់ការបរាជ័យមិនដែលខានឡើយ ។

