លិខិតអាពាហ៍ពិពាហ៍គឺជាកុងត្រាបញ្ជាក់ថា

R

លិខិតអាពាហ៍ពិពាហ៍គឺជាកុងត្រាបញ្ជាក់ថា វាជាលទ្ធផលចុងក្រោយនៃសេចក្តីស្នេហា ដែលមានការសម្រេចចិត្តបានត្រឹមត្រូវ តែមិនបានកំណត់ថា ត្រូវតែរស់នៅជាមួយគ្នាអស់មួយជីវិតនោះឡើយ ! ។ ពេលមានបញ្ហាក្នុងគ្រួសារ ម្នាក់ៗប្រឹងស្វែងរកការគាំទ្ររៀងៗខ្លួន មិនបានស្វែងរកពីវិធីដោះស្រាយបញ្ហានោះទេ កុំចូលរួមគាំទ្រពួកគេឲ្យសោះ តែត្រូវពន្យល់ពីរបៀបរស់នៅឲ្យដល់ពួកគេផង ! ជីវិតគឺតែអញ្ចឹងទេ បើមិនអញ្ចឹងគេមិនហៅថាជាជីវិតឡើយ ។ នៅពីក្រោយរោងការ គឺជាឆាកល្ខោនជីវិត ដែលយើងត្រូវដើរតួឲ្យបានស័ក្តិសម ព្រោះគ្មានអ្នកណាក្រៅពីខ្លួនឯងនេះទេដែលចង់ឡើងសំដែងនោះ ! កុំចេះតែដើរបន្ទោសគេយករួចខ្លួនឲ្យសោះ បើខ្លួនឯងវាមិនចង់ដែរធ្វើម៉េចកើតបានជារឿងនេះឡើង ? កុំចេះតែរកលេសថា មកពីនេះ មកពីនោះ បើខ្លួនមិនចង់ក៏គ្មានអ្នកណាអាចធ្វើអ្វីយើងបានដែរ ។ នេះជាកម្មផលដែលខ្លួនឯងបានសាងឡើង ត្រូវតែព្រមទទួលដោយសុទ្ធចិត្ត ។ សមមុខហើយ ! ប៉ុណ្ណឹងហើយនៅមិនព្រមថោកដើម្បីកូនៗជាទីស្រឡាញ់ទៀត ? ។ ការបានជួបបុព្វេសន្និវាស(គូស្នេហ៍ស្មោះពីអតីតជាតិ)គឺជាវាសនាចារតំរូវមកពីព្រេងនាយ តែយ៉ាងណាក៏ដោយលោកនេះមិនមែនជាអមតៈភាពរបស់យើងឡើយ ជួបស្រឡាញ់ក៏ទុក្ខព្រោះត្រូវព្រាត់ប្រាស់ទៅ ជួបស្អប់ក៏ទុក្ខព្រោះនឿយណាយជិនឆ្អន់ លោកនេះមានតែទុក្ខទេតាំងនៅ មានតែទុក្ខទេប្រែប្រួលទៅ ដទៃក្រៅពីទុក្ខមិនមានអ្វីកើតមិនមានអ្វីរលត់ ! ។ ស្រណោះរោងការ !
នាំគ្នាចូលរោងការ គឺជាការនាំគ្នាចូលសមរភូមិ ការរស់នៅក្នុងសមរភូមិវាមិនមែនជាការងាយស្រួលឡើយ ។ ប្តីប្រពន្ធម្នាក់ៗសុទ្ធតែជាមនុស្សដែលពោរពេញទៅដោយកិលេស ហើយកិលេសគឺជាមូលហេតុរបស់ទុក្ខ ដើម្បីទទួលបានជោគជ័យលើសមរភូមិកិលេស ម្នាក់ៗគឺត្រូវព្យាយាមតស៊ូប្រយុទ្ធយកឈ្នះលើចិត្តអាក្រក់របស់ខ្លួនឯង និងចិត្តអាក្រក់របស់ប្តីឬប្រពន្ធរបស់ខ្លួនទើបបានសុខ បើនៅតែកាន់ជើងខ្លួនឯង នោះស៊ូមិនបាននឹងក្តីអពមង្គលទេ ។ ដើម្បីយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯង ត្រូវតាំងចិត្តអត់ធ្មត់ទំលាក់ការមានះប្រកាន់ចោលទាំងអស់ ហើយពង្រីកក្តីស្រឡាញ់ឲ្យធំធេង ដើម្បីយកឈ្នះចិត្តអាក្រក់របស់ប្តីឬប្រពន្ធត្រូវប្រើមេត្តាករុណានិងការអាណិតអាសូរដើម្បីទទួលយកផ្នែកមិនល្អរបស់គេឲ្យបាន ចូរកុំយកការមើលងាយគ្នាមកដោះស្រាយបញ្ហាឲ្យសោះ ! ។ ពេលដែលចិត្តស្រឡាញ់បានផុតរលត់បាត់អស់ទៅ ត្រូវនាំគ្នាគិតថា ជាការចាំបាច់ណាស់ដែលត្រូវធ្វើអ្វីៗ គឺដើម្បីតែកូនៗប៉ុណ្ណោះ ! ។ នៅក្នុងរឿងនេះ ព្រះសម្មាសម្ពុទ្ធបានផ្តល់អនុសាសន៍ក្នុងការដោះស្រាយបញ្ហាគឺត្រូវ ពិចារណា ពីសេចក្តីស្លាប់ដែលអាចកើតឡើងបានគ្រប់ពេលវេលា(មរណានុស្សតិ) ដើម្បីទំលាកការមានះប្រកាន់ ព្រោះឧបាទានតែមួយមុខគត់ដែលនាំមកនូវសេចក្តីទុក្ខសោកគ្រប់បែបយ៉ាងនៅក្នុងលោក ! ។

Comments