អត្ថិភាពរបស់មនុស្សម្នាក់គឺអាស្រ័យលើពេលវេលាដែលគេបានរស់នៅ ប៉ុន្តែសារៈសំខាន់របស់ជីវិតគឺឋិតនៅលើអំពើដែលគេបានធ្វើឯណោះទេ នេះជាសច្ចៈធម៌ដែលព្រះពុទ្ធលោកបានបង្រៀន។ក្តីអស់សង្ឃឹមជាទីបំផុតនោះគឺការរស់នៅពេញមួយជីវិតមិនបានធ្វើអំពើល្អអ្វីទាល់តែសោះ ហើយកាន់តែកណ្តោចកណ្តែងណាស់ទៅទៀតបើរស់ជាមនុស្សហើយធ្វើអ្វីៗមិនដឹងថាខុសត្រូវ ល្អអាក្រក់ ឬ ជាមនុស្សដែលពេញចិត្តនឹងអំពើអាក្រក់ ពេញចិត្តនឹងបំរើការពារមនុស្សអាក្រក់ ជីវិតបែបនេះគ្មានថ្ងៃបានស្គាល់ពេលវេលាពិតប្រាកដរបស់ជីវិតឡើយ។
ជួយមនុស្សអស់សង្ឃឹមឲ្យអាចរស់តទៅទៀតបានវាជាសន្តានចិត្តរបស់មនុស្សល្អ ឯការអនុញ្ញាត្តិឲ្យគេបានសម្រេចក្តីប៉ងប្រាថ្នាទើបជាក្តីរីករាយពិតប្រាកដ ! ។
សេចក្តីអាក្រក់អាចសម្លាប់មនុស្សបាន សម្លាប់អ្នកដទៃឬសម្លាប់ខ្លួនឯង ឯសេចក្តីល្អក៏អាចសម្លាប់មនុស្សបានដែរ សម្លាប់អ្នកដទៃឬសម្លាប់ខ្លួនឯង ប៉ុន្តែការសម្លាប់ចិត្តអាក្រក់នាំឲ្យមានការផ្លាស់ប្តូរ ឯការសម្លាប់ខ្លួនតាមមនុស្សដែលខ្លួនស្រឡាញ់គឺជាភាពកំឡៅ ! ព្រោះបើបានជួបគ្នាក៏មិនប្រាកដថាបានស្គាល់គ្នាដូចពីមុនដែរ ! ។

