អំនួតនិងមានះជាធម៌ញ៉ាំងសត្វឲ្យវិនាស !
សន្ធិយាប្រកាសហើយ ព្រះពុទ្ធទ្រង់និមន្តសំដៅរោងភ្លើងរបស់ព្រាហ្មណ៍ម្នាក់នៅជាយព្រៃ ហើយព្រះអង្គបានសុំការអនុញ្ញាត្តិដើម្បីសំរាកព្រះកាយ ។ មួយស្របក់ក្រោយមក មានបព្វជិតព្រាហ្មណ៍ម្នាក់បានចូលមកសម្រាកដែរ គាត់បានធ្វើដំណើរកាត់ពីទីឆ្ងាយស្វែងរកព្រះពុទ្ធដើម្បីសាកសួរធម៌វិន័យ ព្រាហ្មនោះមានអំនួតមិនស្គាល់ព្រះពុទ្ធ គាត់បានសួរប្រស្នាលិចលើស្មើក្រោមចំអកឡកឡឺយដាក់ព្រះមានព្រះភាគ ទាំងបានពន្យល់ព្រះឆ្ការដៃឆ្ការជើងថែមទៀតផង ។ លុះវេលាព្រឹកឡើងព្រាហ្មណ៍បានចាកចេញទៅ ក៏ជួបនឹងព្រះភិក្ខុសង្ឃទាំងឡាយកំពុងនិមន្តមកថ្វាយបង្គំព្រះ ទើបដឹងថាខ្លួនបានជួបព្រះពុទ្ធហើយបែរជាប្រមាទ ! ដោយការខ្មាស់អៀន ព្រោះខ្លួនបានពន្យល់ទាំងងងឹតងងល់ដល់ស្តេចនៃអ្នកប្រាជ្ញ តែព្រះអង្គបែរជាមានករុណាខំគង់ស្តាប់ពាក្យឥតប្រយោជន៍របស់ខ្លួនអស់ពេញមួយយប់ ! គាត់អោនមុខដាក់កចាកចេញទៅដោយក្តីអៀនខ្មាស់ ។ កំហុសព្រាហ្មណ៍មានពីរយ៉ាងគឺ អំនួត១ មានះមិនព្រមត្រឡប់ទៅស្តាប់ធម៌វិញ១ ហេតុនេះគាត់ត្រូវសេចក្តីស្លាប់នាំយកទាំងមិច្ឆាទិដ្ឋិទៅជាមួយ ! ។

