ព្រះពុទ្ធទូន្មានឲ្យចេះធ្វើខ្លួនដូចជាគង្វាលគោៈ
១- ត្រូវចេះព្រលែងគោឲ្យទាន់ពេលវេលាៈ ព្រលែងចោលអារម្មណ៍និងគំនិតអត់បានការឲ្យទាន់ពេលវេលា កុំទុកឲ្យនៅបំផ្លាញឋាមពលចិត្ត ។
២- កៀងគោកុំឲ្យសុីស្រូវៈ មើលចិត្តកុំឲ្យតោងអារម្មណ៍មិនល្អ ។
៣- ចងគោដោយខ្សែនិងស្នឹងដ៏មាំៈ ចងចិត្តឲ្យជាប់ដោយសតិនឹងបង្គោលគឺកម្មដ្ឋាន ។
៤-ដេញគោតំរង់ទិសឲ្យចំស្មៅខ្ចីៈ តំរង់ចិត្តឲ្យចំធម៌ត្រូវតាមចរិតអាធ្យាស្រ័យ។
៥- ការពារគោកុំឲ្យខ្លាសុីៈ ការពារចិត្តកុំឲ្យជឿតាមទិដ្ឋិខុសឆ្គង ។
៦- បើគោមានរបួសត្រូវលាបថ្នាំៈ បើចិត្តចុះទន់ខ្សោយឬប្រេះស្រាំត្រូវប្រើបញ្ញា។
៧- បើគោមានរបួសធំត្រូវបិទថ្នាំផងផឹកថ្នាំផងៈ រំលត់មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈដោយសតិនិងបញ្ញាផង ស្តាប់ធម៌ត្រឹមត្រូវផង ។
៨- បើដំបៅគោមានដង្កូវត្រូវឆ្កឹះចេញៈ ដកអនុស័យចេញម្តងមួយឲ្យបានកុំធ្វើលេងៗ អ្វីដែលតាំងចិត្តថាឈប់ធ្វើ ដាច់ខាតកុំធ្វើតទៅទៀត ។
៩- នាំគោឆ្លងស្ទឹងឲ្យត្រូវកំពង់ៈ ចង់ឆ្លងកាត់ទុក្ខត្រូវសេពគប់អ្នកមានពិសោធ មិនអាចចេះតែសេពគប់ដោយត្រឹមតែការស្តាប់ចូលចិត្តនោះទេ។
១០- គោឆ្អែតហើយត្រូវចេះនាំគោចូលក្រោលៈ ចិត្តស្ងប់ហើយត្រូវលើកចូលកាន់វិបស្សនា ។ ព្រះដ៏មានបុណ្យ មានបញ្ញាដ៏មុតជ្រៅ ព្រះអង្គគ្រាន់តែទតឃើញអ្នកឃ្វាលគោក៏ប្រៀបធៀបជាមួយសាច់ធម៌បានយ៉ាងល្អឥតខ្ចោះ នេះបានចំជាព្រះលើកំពូលព្រះពិតមែន ។

