ព្រះពុទ្ធដំណើរតាមដងស្ទឹងព្រះអង្គបានទតឃើញសំណាត់ឈើអណ្តែតទឹក ទ្រង់ញញឹមបន្តិចហើយត្រាស់នឹងព្រះអានន្ទថាៈអានន្ទ ! សំណាត់ឈើនេះបើមិនត្រូវទឹកគួចចុះ បើមិនត្រូវរលួយស្អុយក្នុង បើមិនត្រូវទើលើគោក បើមិនត្រូវមនុស្សចាប់យកឬអមនុស្សចាប់យក សំណាត់ឈើនោះនឹងទៅដល់សមុទ្ទបាន ! ។ ព្រះអានន្ទលោកមិនយល់ទើបសុំអារាធនាឲ្យព្រះមានព្រះភាគលោកសម្តែងពន្យល់។ព្រះពុទ្ធទ្រង់ត្រាស់ថា សំណាត់ឈើគឺដូចជាសត្វលោកគ្រប់គ្នា ដំណើរទៅនិព្វានបើមិនមានទឹកគួចចុះ គឺនន្ទរាគៈ បើមិនរលួយស្អុយក្នុងគឺទ្រុស្តសីល បើមិនទើលើគោកគឺអស្មិមានៈ បើមិនត្រូវមនុស្សចាប់យកគឺការជាប់ជំពាក់នឹងពួកគណៈជាប់ជំពាក់នឹងលាភយស សរសើរសុខ បើមិនត្រូវអមនុស្សចាប់យក គឺជាប់ជំពាក់នឹងការប្រាថ្នាភព នោះសត្វលោកនឹងទៅដល់និព្វានបានសមតាមប្រាថ្នាជាមិនខាន!។ ព្រះអានន្ទលោកជ្រះថ្លានឹងគាថាព្រះបរមគ្រូជាពន់ពេក ។
លំអ៨ប្រការនៃមហាសាគរដូចលំអ៨យ៉ាងក្នុងធម៌វិន័យរបស់សាសនាព្រះជិនស្រីៈ
១- សមុទ្ទមានជ្រាំងដែលមានដីទីទាលជំរាលទេរទៅមិនជ្រៅស្រឡូងដូចជាអណ្តូង ប្រៀបបីដូចការសិក្សាក្នុងព្រះសាសនានេះ ដែលសិក្សាតាមលំដាប់ពីរាក់ទៅជ្រៅតាមលំដាប់សីល សមាធិ បញ្ញា។
២- ទឹកសមុទ្ទត្រង់ណាក៏មានរសប្រៃតែមួយ ដូចធម៌វិន័យដែលមានវិមុត្តិរស(រសនៃសេចក្តីសុខ)តែម្យាង។
៣- ទឹកស្ទឹងទន្លេហូរចាក់ចូលយ៉ាងណាក៏សមុទ្ទមិនប្តូររសប្រៃ ដូចជាបរិស័ទដែលចូលមកបួសពីច្រើនជាតិសាសន៍ក៏នៅតែហៅថាជាបុត្រព្រះសក្យមុនី ។
៤- ទឹកសមុទ្ទពេញប្រៀបយ៉ាងណាក៏មិនឡើងហួសជ្រាំង ដូចបណ្ឌិតក្នុងពុទ្ធសាសនាបើទោះជាចេះច្រើនយ៉ាងណាក៏មិនហ៌ានប្រព្រឹត្តិកន្លងធម៌វិន័យ ។
៥- ទឹកទន្លេស្ទឹងហូរចាក់ចូលយ៉ាងណាក៏សមុទ្ទមិនចេះឆ្អែតដូចជានិព្វានក្នុងសាសនានេះគឺមិនចេះពេញមិនចេះឆ្អែតឡើយ។
៦- ក្នុងទឹកសមុទ្ទមិនអាចលាយឡំដោយសំរាមសាកអាសុភ ដូចក្នុងសាសនានេះមិនអាចមានអ្នកបួសប្លមបន្លំថោកទាបសំងំនៅបានឡើយ ។
៧- ក្នុងសមុទ្ទតែងមានសត្វធំៗរស់នៅ ដូចព្រះសាសនានេះដែលនៅតែមានមហាបុរសកើតឡើងមកគាំទ្រថែរក្សាការពារឲ្យគង់វង់។
៨- ក្នុងសមុទ្ទតែងមានរតនៈវត្ថុកែវមុនីមុក្តាពាសពេញ ដូចក្នុងព្រះសាសនានេះមានធម៌វិន័យបរិបូរណ៍ សំបូរពោរពាស សម្រាប់សិក្សានិងបដិបត្តិដូចជាពោធិបក្ខិយធម៌៣៧ប្រការជាដើម។ព្រះពុទ្ធជាបិតាធម្មជាតិវិទូ ព្រះអង្គគ្រាន់តែឆ្មៀងព្រះនេត្រទតមហាសាគរក៏រលឹកឃើញដល់ព្រះធម៌វិន័យក្នុងសាសនា
ឪព្រះពុទ្ធជាព្រះបិតាទីពឹងនៃលោក ! ។

